Developed by Khmer Focus

មហា​សន្និ​បាត​លើក​ទី១ របស់​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី (ថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ ២០១៦)

ឥណ្ឌូនេស៊ី៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ​លេខា​ធិការ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម ប៉ុញ សច្ចៈ អគ្គ​នាយក​បច្ចេក​ទេស ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ក្នុង​មហា​សន្និ​បាត​លើក​ទី១ របស់​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី (Asia Water Council-​AWC) នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ ប្រទេស​ឥណ្ឌូនេស៊ី​ជា​ម្ចាស់​ផ្ទះ ដោយ​សហ​ការ​រៀប​ចំ​មហា​សន្និបាត ដោយ​ក្រសួង​សាធារណការ និង​លំ​នៅ​ដ្ឋាន និង​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី មាន​ទីតាំង​នៅ​ក្រុង​សេអ៊ូល សាធារណ​រដ្ឋ​កូរ៉េ។

អង្គមហាសន្និបាត បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯកឧត្តម Dr. Ir. Basuki Hadiujona រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​លំ​នៅ​ដ្ឋាន​ឥណ្ឌូនេស៊ី និង​ជា​សមាជិក​ស្ថាបនិក AWC  បាន​ថ្លែង​សន្ទរកថា​ស្វាគមន៍ និង​បើក​អង្គ​មហា​សន្និបាត សន្ទរកថា​ស្វាគមន៍​ដោយ Dr. I. Made Mangku Pastika ប្រធាន​អភិបាល​ក្រុង​បាលី និង​ចំណាប់​អារម្មណ៍​ដោយ​លោក Dr. Gyewoon Choi ជា​តំណាង​សមាជិក​ស្ថាបនិក AWC ក្នុង​តំបន់​អាស៊ី​ទាំង​មូល។ អង្គ​មហា​សន្និបាត មាន​ការ​អញ្ធើញ​ចូល​រួម​ថ្នាក់​ជាន់​ខ្ពស់ នៃ​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ស្ថាបនិក AWC  ថ្នាក់​រដ្ឋ​មន្រ្តី រដ្ឋ​លេខា​ធិការ អនុ​រដ្ឋ​មន្រ្តី អគ្គ​នាយក ប្រធាន-​អនុប្រធាន ថ្នាក់​នាយក ជា​មន្រ្តី​តំណាង​អង្គ​ការ​ជាតិ អន្តរ​ជាតិ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) គ្រឹះ​ស្ថាន​អប់រំ (UNESCO-IHP) គ្រឹះស្ថាន​អប់រំ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​តំបន់​អាស៊ី អ៊ឺរុប អាហ្វ្រីក អាមេរិកឡាទីន និង​អូសេអានី សរុបប្រមាណ ៣០០នាក់។

អង្គមហាសន្និបាត បាន​ស្តាប់​នូវ​បទឧទ្ទេស​នាម​ពី​មន្រ្តី​ជាន់​ខ្ពស់​សំខាន់ ១០រូប តំណាង​ប្រទេស​ជា​ស្ថាបនិក​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី។ ឯកឧត្តម ប៊ុន ហ៊ាន ក្នុង​នាម ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ដែល​ជា​សមាជិក​ស្ថាបនិក AWC តំណាង​កម្ពុជា (ក្នុង​ចំណោម​សមាជិក​ស្ថាបនិក ១៥រូប) បាន​ចូល​រួម​ធ្វើ​បទ​ឧទ្ទេស​នាម អំពី​ស្ថាន​ភាព​ទូទៅ​នៃ​វិស័យ​ធន​ធាន​ទឹក​នៅ​កម្ពុជា ក្នុង​នោះ​ឯកឧត្តម​បាន​លើក​ឡើង​ពី​ស្ថាន​ភាព​ធន​ធាន​ទឹក​ក្នុង​ប្រទេស និង​ក្នុង​អាង​ទន្លេ​មេគង្គ​ទាំង​មូល ដែល​ជួប​បញ្ហា​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត បម្រែ​បម្រួល​អាកាស​ធាតុ គ្រប់​គ្រង​ធន​ធាន​ទឹក ភាព​ប្រឈម​នានា​សម្រាប់​ធា​នា​សន្តិ​សុខ​ទឹក​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ សម្រាប់​អភិវឌ្ឍ​គ្រប់​គ្រង​វិស័យ​ធន​ធាន​ទឹក និង​បាន​លើក​ជម្រើស​ដោះ​ស្រាយ​សម្រាប់​ភាព​ប្រឈម និង​តម្រូវ​ការ​សម្រាប់​ការ​អភិវឌ្ឍ និង​គ្រប់​គ្រង​ធន​ធាន​ទឹក​ប្រកប​ដោយ​ចីរភាព ស្រប​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​ច្បាប់​គ្រប់​គ្រង​ទឹក និង​បណ្តា​បទ​ដ្ឋាន​គតិ​យុត្តិ​នានា របស់​ប្រទេស​កម្ពុជា ផ្អែក​តាម​គោល​ការណ៍​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ ដូច​មាន​ចែង​ច្បាស់​នៅ​ក្នុង​ច្បាប់​ទឹក ដើម្បី​គ្រប់​គ្រង និង​អភិវឌ្ឍ​ទឹក និង​ធន​ធាន​ពាក់​ព័ន្ធ​ទឹក តាម​រយៈ​ការ​អនុវត្ត​គោល​ការណ៍​នេះ​ជា​មូល​ដ្ឋាន។ ឯកឧត្តម បាន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ចូល​រួម និង​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ចក្ខុវិស័យ និង​បេសក​កម្ម​របស់​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី និង​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​តួនាទី​សំខាន់ របស់​ក្រុម​ប្រឹក្សា​ទឹក​អាស៊ី សម្រាប់​ជួយ​គាំទ្រ​បច្ចេក​ទេស និង​ស្វែង​រក​ការ​ទ្រទ្រង់​ថវិកា គម្រោង​វិនិយោគ​សម្រាប់​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។

អង្គមហាសន្និបាត បាន​ដំណើរ​ការ​ជា​វគ្គ (Session):

  • ការពិភាក្សាពិសេស​នៃ​មន្រ្តី​សមាជិក​ស្ថាបនិក និង​មន្រ្តី​ជាន់​ខ្ពស់​តំណាង​ស្ថាបនិក
  • ការជ្រើសរើសស​មាជិក​នាយក​ក្រុម​ប្រឹក្សា សម្រាប់​ប្រធាន និង​សមាជិក ០២រូប និង​ការ​អនុម័ត​ធម្មនុញ្ញ នៃក្រុមប្រឹក្សាទឹកអាស៊ី ដោយ​មន្រ្តី​សមាជិក​ស្ថាបនិក និង​មន្រ្តី​ជាន់​ខ្ពស់​តំណាង​ស្ថាបនិក
  • ការពិនិត្យជ្រើសរើស​ដោយ​អង្គ​មហា​សន្និបាត ចំពោះ​ស្ថាប័ន​តំណាង​ជា​សមាជិក​គណៈ​កម្មាធិការ​ក្រុម​ប្រឹក្សា​ចំនួន ១១
  • វគ្គពិសេសសម្រាប់​ស្តាប់ និង​ពិភាក្សា​លើ​ការ​កំណត់​គោល​នយោបាយ និង​យុទ្ធ​សាស្រ្ត ក្រប​ខ័ណ្ឌ​ការ​ងារ​របស់​ក្រុម​ប្រឹក្សា ការ​សិក្សា​អប់រំ​ផ្នែក​ទឹក ដំណើរ​ការ​រៀប​ចំ​អនុម័ត និង​ការ​អនុវត្ត​គម្រោង​ទឹក ដែល​បាន​ឯក​ភាព​យល់​ព្រម​ដោយ​គណៈ​កម្មាធិការ​នាយក
  • កិច្ចប្រជុំគណៈកម្មាធិការ​ពិសេស​អំពី គម្រោង​ទឹក បង្ហាញ​ពី​បរិបទ និង​ខ្លឹម​សារ​នៃ​គម្រោង​ដែល​ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​សម្រាំង​ជ្រើស​រើស
  • វេទិកា​ស្តីពី​ធុរកិច្ច​ទឹក
  • ទស្សនកិច្ចសិក្សា​បច្ចេក​ទេស​អំពី ការ​វិវត្តិ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​កសិកម្ម​បែប​ប្រពៃណី ដែល​មាន​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ក្នុង​កោះបាលី។

មហាសន្និបាត បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ ជា​មួយ​នឹង​លទ្ធ​ផល​ជា​ផ្លែ​ផ្កា ដែល​សមាជិក​មហា​សន្និបាត បាន​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ទាំង​ផ្នែក​ច្បាប់ គោល​នយោបាយ យុទ្ធ​សាស្រ្ត និង​ផ្នែក​បច្ចេក​ទេស សម្រាប់​គ្រប់​គ្រង​ធន​ធាន​ទឹក​តំបន់​អាស៊ី កាន់​តែ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឆ្ពោះ​ទៅ​គោល​ដៅ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព​ដល់​ឆ្នាំ២០៣០ ខាង​មុខ។ ខ្លឺម​សារ​នៃ​លទ្ធ​ផល​សម្រេច​នៃ​អង្គ​មហា​សន្និបាត នឹង​មាន​ការ​បូក​សរុប​ដោយ​លេខា​ធិការ​ដ្ឋាន ដាក់​ជូន​សមាជិក​ប្រទេស​ស្ថាបនិក​ជា​ផ្លូវ​ការ នៅ​ពេល​បន្ទាប់៕

Hits: 3506