ការពិភាក្សាការងារជាមួយមន្រ្តីបេសកកម្ម ធនាគារពិភពលោកស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គកម្ពុជា (ថ្ងៃទី ១២-១៦ ខែមករា ឆ្នាំ២០១៥)
ភ្នំពេញ៖ នៅសាលប្រជុំ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាមន្រ្តីសម្របសម្រួលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ បានទទួលជួប និងទទួលក្រុមការងារបេសកកម្មជំនាញ របស់ធនាគារពិភពលោក ដែលដឹកនាំដោយលោក Victor Vazques ប្រធានក្រុមការងារ (Task Team Leader) សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (M-IWRMP) និងអមដំណើរដោយមន្រ្តីប្រតិភូ និងមន្រ្តីការិយាល័យ WB ប្រចាំកម្ពុជាសរុបចំនួន ០៧រូប និងមានមន្រ្តីថ្នាក់ជាតិតំណាងក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងរដ្ឋបាលជលផល សរុបចំនួន ០៩រូប។
គោលបំណងសំខាន់នៃបេសកកម្មគឺ៖ (១) បញ្ចប់ការកំណត់សកម្មភាពសំខាន់ៗ នៃគម្រោងសមាសភាគ២ សម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងការគាំទ្រដល់ការអនុវត្ត IWRM នៅភូមិភាគឦសានប្រទេសកម្ពុជា និងកិច្ចសន្ទនាឆ្លងដែនជាមួយវៀតណាម (២) បំពេញទស្សនៈកិច្ចតំបន់គម្រោងក្នុងខេត្តក្រចេះ និងស្ទឹងត្រែង-ទីតំាងភ្ញាស់ត្រីសម្រាប់សមាសភាគ១ ស្តីពី ការគ្រប់គ្រងជលផលមេគង្គ និងការពិភាក្សាលើការបញ្ចប់ឯកសារផែនការលទ្ធកម្មនៃគម្រោងសមាសភាគ២។
នៅថ្ងៃទី ១៤-១៥ ខែមករា ឆ្នាំ ២០១៥ ក្រុមការងារបេសកកម្មជំនាញ អមដំណើរដោយ ឯកឧត្តម វ៉ាត់ បុត្តកុសល និងមន្រ្តីជំនាញគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលជលផល បានបំពេញទស្សនៈកិច្ចក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជួបជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីខ័ណ្ឌជលផលក្រចេះ និងស្ទឹងត្រែង និងសហគមន៍ជលផលស្រុកស្ទឹងត្រែង ពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់ទីតាំងភ្ញាស់ត្រី និងទស្សនៈកិច្ចទីតាំងកសាងវារីអគ្គិសនីសេសាន២៕
Hits: 3437