Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ស្តី​ពី សូច​នាករ​នៃ​សុខ​ភាព​ទឹក​សាប សម្រាប់​តំបន់​ទន្លេ​សេកុង-​សេសាន-​ស្រែពក (ថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០១៦)

ភ្នំពេញ៖ អង្គការ​អភិរក្ស​អន្តរ​ជាតិ (Conservation International-CI ) និង​អង្គការ IUCN បាន​សហ​ការ​រៀប​ចំ​សិក្ខា​សា​លា ពិគ្រោះ​យោបល់​ស្តី​ពី សូចនាករ​នៃ​សុខ​ភាព​ទឹក​សាប សម្រាប់​តំបន់​ទន្លេ​សេកុង-​សេសាន-​ស្រែពក ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​ជំនាញ ០៣ប្រទេស កម្ពុជា ឡាវ និង​វៀតណាម មន្រ្តី​ជំនាញ​អង្គការ WWF អង្គការ CI និង​អង្គការ IUCN សរុប​ចំនួន ២២រូប។ មន្រ្តី​កម្ពុជា​រួម​មាន តំណាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង បានអញ្ជើញចូលរួម។

អង្គការ CI ដឹកនាំអនុវត្តន៍សកម្មភាពគម្រោង សម្រាប់ប្រទេសក្នុងតំបន់មេគង្គខាងក្រោម ដែលមានទីតាំងក្នុងប្រទេសកម្ពុជា រួមមានទីតាំងទន្លេសាប និងទីតាំងទន្លេរួម ដែលមានប្រទេស ៣ពាក់ព័ន្ធ កម្ពុជា-ឡាវ សម្រាប់ទន្លេសេកុង និងកម្ពុជា-វៀតណាម សម្រាប់ទន្លេសេសាន-ស្រែពក និងនៅប្រទេសចិននៅហុងកុង ទន្លេ Dong Jiang សម្រាប់សាកល្បងសកម្មភាពគម្រោងសិក្សាស្តីពី សូចនាករសុខភាពទឹកសាប ក្នុងគោលបំណងដើម្បីកសាងមូលដ្ឋានចំណេះដឹងបច្ចេកទេស វិទ្យាសាស្រ្ត កសាងសូចនាករសុខភាពទឺកសាប កសាងប្រព័ន្ធគ្រប់គ្រង និងការពារមុខងារសេវាកម្ម និងថាមពលនៃប្រព័ន្ធអេកូឡូស៊ីទឹកធម្មជាតិ និងកសាងសេណារីយ៉ូ សម្រាប់វាយតម្លៃបម្រែបម្រួលស្ថានភាពសុខភាពទឹកសាបនាអនាគត។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយបានស្តាប់បទឧទ្ទេសនាម និងបានពិភាក្សាយ៉ាងក្បោះក្បាយជុំវិញប្រធានបទ៖

  • ការកំណត់អ្នកពាក់ព័ន្ធសម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ីទន្លេ
  • ការកំណត់សូចនាករទាក់ទងនឹងមុខងារសេវាកម្ម និងថាមពលនៃប្រព័ន្ធអេអូឡូស៊ីទឹកសាប
  • ការកំណត់កត្តាដែលមានឥទ្ធិពលលើមុខងារសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី
  • ការកំណត់ទិន្នន័យ និងព័ត៌មានវិទ្យាសាស្រ្តសម្រាប់បង្កើតសន្ទស្សន៍សុខភាពទឹកសាប
  • អភិបាលកិច្ចលើការគ្រប់គ្រង រួមមានក្របខ័ណ្ឌការងារ ច្បាប់ និងស្ថាប័នដែលមានស្រាប់សម្រាប់ចូលរួមសម្របសម្រួល អនុវត្តន៍ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអប់រំ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលគាំទ្រ
  • ការកំណត់ស្ថាប័នអន្តរជាតិ និងពិនិត្យលើការងារដែលពាក់ព័ន្ធនឹងគម្រោង។ 

លទ្ធផលនៃសិក្ខាសាលា រួមមាន៖

  • មន្រ្តីចូលរួមនៃប្រទេសទាំង៣ បានស្វែងយល់គំនិត ទស្សនៈវិទ្យាសាស្រ្តជុំវិញខ្លឹមសារនៃការកសាងសូចនាករសម្រាប់សុខភាពទឹកសាប
  • បានពិនិត្យរួមលើមូលដ្ឋានព័ត៌មាន និងចំណេះដឹងដែលមានស្រាប់តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសស្ថាប័នជាតិ តំបន់ (MRC GMS) និងអន្តរជាតិ (IUCN WWF)  
  • បានឯកភាពខ្លឹមសារ និងទំហំសូចនាករដែលបានពិភាក្សា-ឯកភាពកំណត់រួមគ្នា  ដោយស្នើក្រុមជំនាញការអន្តរជាតិយកទៅពិចារណាសំយោគជាគោលគំនិត និងការបបស្រាយ
  • បានឯកភាពបន្តសកម្មភាពដែលនឹងមានការពិភាក្សា ពិគ្រោះយោបល់ជាមួយក្រុមការងារបច្ចេកទេស និងការពិភាក្សាថ្នាក់ជាតិ ថ្នាក់តំបន់លើបណ្តាសូចនាករ ដំណើរការកសាងសេណារីយ៉ូ និងប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃសូចនាករទឹកសាប។

សិក្ខាសាលាបានវាយតម្លៃអំពីសារៈសំខាន់នៃគម្រោងសិក្សា ដែលនឹងផ្តល់បច្ច័យសម្រាប់ស្ថាប័នពាក់ពាក់ព័ន្ធរបស់រដ្ឋាភិបាល ដែលនឹងប្រើប្រាស់ជាបច្ច័យគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យពាក់ព័ន្ធ ជាពិសសេសការគ្រប់គ្រងធនធានទឹកកាន់តែមានប្រសិទ្ធភាព ក្នុងតំបន់ទន្លេមេគង្គ។ សិក្ខាសាលាក៏បានកំណត់ពីតួនាទីនៃស្ថាប័ន្ធសម្របសម្រួលរួមមាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលបានគាំទ្រសកម្មភាពសម្របសម្រួល និងដឹកនាំជម្រុញការសិក្សានេះ ដ៏មានប្រសិទ្ធភាព៕

Hits: 1687