សិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹងចម្រុះនៃអ្នកពាក់ព័ន្ធក្នុងបរិបទផែនការគ្រប់គ្រងធនធានទឹកចម្រុះថ្នាក់ជាតិ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦)
សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងចំណេះដឹង និងព័ត៌មាន លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹងចម្រុះនៃអ្នកពាក់ព័ន្ធ ក្នុងបរិបទផែនការគ្រប់គ្រងធនធានទឹកចម្រុះថ្នាក់ជាតិ ដែលរៀបចំដោយអាជ្ញាធរទន្លេសាប នៅខេត្តសៀមរាប ក្រោមគម្រោងគ្រប់គ្រងអាងទន្លេសាប-ទន្លេសុងក្លា រវាងកម្ពុជា-ថៃ ក្រោមជំនួយរបស់ធនាគារពិភពលោក តាមរយៈគណៈកម្មការទន្លេមេគង្គ។ អង្គសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមានមន្រ្តីចូលរួមពីមន្ទីរនៃខេត្តពាក់ព័ន្ធ សរុបចំនួន ៣៤រូប។
សិក្ខាសាលាមានគោលបំណងសំខាន់គឺ បង្កើន និងលើកកម្ពស់ចំណេះដឹងចម្រុះដល់មន្រី្តមន្ទីរជំនាញពាក់ព័ន្ធ លើប្រធានបទគ្រប់គ្រងធនធានទឹកចម្រុះ និងការចូលរួមសាធារណនៃអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការងារអនុវត្តន៍គម្រោងគ្រប់គ្រងអាងទន្លេសាប។ សិក្ខាសាលាបានដំណើរការដោយមានបទបង្ហាញពាក់ព័ន្ធ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមចែករំលែកចំណេះដឹង តាមរយៈការធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសិក្ខាសាលានេះ។ សិក្ខាកាមបានស្វែងយល់ និងទទួលបានចំណេះដឹងកាន់តែរឹងមាំ និងល្អប្រសើរអំពីគោលការណ៍ និងការអនុវត្ត IWRM ក្នុងបរិបទគ្រប់គ្រងទន្លេសាប ដែលអាជ្ញាធរទន្លេសាបទទួលបន្ទុក ការប្រើប្រាស់វិធីសាស្រ្តនេះដើម្បីដោះស្រាយការលំបាក ភាពប្រឈមក្នុងការងារពង្រឹងសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធគ្រប់វិស័យ រួមទាំងថ្នាក់ធ្វើសេចក្តីសម្រេច គាំទ្រដល់ការកសាងផែនការចម្រុះកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការអនុវត្តច្បាប់គ្រប់គ្រងធនធានទឹក និងបទដ្ឋានច្បាប់តាមវិស័យពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងប្រកបដោយនិរន្តរភាពកាន់តែល្អប្រសើរនៅកម្ពុជា៕
Hits: 2621