Developed by Khmer Focus

សិក្ខា​សា​លា​ស្ដី​ពី ការ​ចាប់​ផ្ដើម​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ (ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ស្ដី​ពី​ការ​ចាប់​ផ្ដើម​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ (Mekong-​Integrated Water Resources Management Phase 3 Project) នៅ​សាល​ប្រជុំ​​អគារ​ដើម​ត្នោត នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រោម​អធិបតី​ភាព ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ ជា​ប្រធាន​អង្គ​សិក្ខា​សា​លា ឯកឧត្តម អេង ជាសាន ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល និងលោក Greg Browder ប្រធានក្រុមការងារជំនាញធនធានទឹក នៃធនាគារពិភពលោក និងមានការអញ្ជើញចូលរួមដោយមន្រ្តីមកពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងស្ថាប័នអន្តរជាតិ រួមមាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ Oxfam អូស្រ្តាលី និងទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារំាង សរុបចំនួន ៤០រូប។

សិក្ខាសាលាមានគោលបំណងដើម្បី (១) ចាប់ផ្តើមដំណើរការអនុវត្តន៍គម្រោងស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គតំណាក់កាលទី៣ ដែលមាន២ សមាសភាគ គឺទី១៖ ការគ្រប់គ្រងជលផលនៅភូមិភាគឦសាន និងទី២ ការគ្រប់គ្រងធនធានទឹកចម្រុះក្នុងអាងទន្លេសេសាន-ស្រែពក-សេកុង និងព្រែកទាំង៤ (ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេ) នៅភូមិភាគឦសាន នៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគីរី និងក្រចេះ (២) ទទួលបានចំណាប់អារម្មណ៍ជុំវិញកិច្ចសហប្រតិបត្តិការអ្នកពាក់ព័ន្ធ និង (៣) ទទួលបានអនុសាសន៍ពីសិក្ខាសាលា សម្រាប់ដំណើរការអនុវត្តន៍គម្រោងកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ បានថ្លែងស្វាគមន៍ និងបើកសិក្ខាសាលា។ ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកសំខាន់ពីក្រុមការងារធនាគារពិភពលោក ដែលបានចូលរួមសហការផ្តល់ជំនួយបច្ចេកទេស និងមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម  មន្រ្តីរដ្ឋបាលជលផល មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធ រៀបចំគម្រោង និងសម្រេចបានជោគជ័យទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដូចថ្មីៗនេះ ការចុះហត្ថលេខាកិច្ចព្រមព្រៀងហិរញ្ញប្រទាន និងលិខិតបញ្ជាក់ជាធរមាន នៃការទទួលស្គាល់របស់ក្រសួងយុត្តិធម៌កម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៦។ ឯកឧត្តមប្រធានបានបញ្ជាក់ពីជំហរសប្បាយរីករាយ និងការអបអរសាទរភាពជោគជ័យនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានរំលឹកពីប្រវត្តិនៃគម្រោង ដែលបានផ្តើមចេញពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មការទន្លេមេគង្គពីឆ្នាំ២០០០ ក្រោមជំនួយរបស់ធនាគារពិភពលោក តាមរយៈកម្មវិធីប្រើប្រាស់ទឹក ដែលបានចប់ក្នុងឆ្នាំ២០០៨ ហើយបន្តជំនួយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ សម្រាប់តំបន់ សម្រាប់ការងារឆ្លងដែន និងសម្រាប់ប្រទេស។ សម្រាប់តំបន់គឺ គណៈកម្មការទន្លេមេគង្គ ៨លានដុល្លារ (២០១២-២០១៨) សម្រាប់ប្រទេសឡាវ ទឹកប្រាក់ ១៨ លានដុល្លារ (២០១២-២០១៨) នៅតំណាក់កាលទី១ និងសម្រាប់វៀតណាមតំណាក់កាលទី២ មានទឹកប្រាក់ ២៥ លានដុល្លារ (២០១៤-២០១៩) និងសម្រាប់កម្ពុជាតំណាក់កាលទី៣ ទឹកប្រាក់ ១៥លានដុល្លារ រយៈពេល ២០១៦-២០២១។ ឯកឧត្តម អេង ជាសាន បានចូលរួមសំដែងការអបអរសាទរ និងបានបង្ហាញសារសំខាន់របស់គម្រោងដែលនឹងជួយដល់ការគ្រប់គ្រង និងអភិរក្សធនធានជលផលទន្លេមេគង្គ និងជួយដល់ការអភិវឌ្ឍសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍នេសាទ និងបានបង្ហាញពីការប្តេជ្ញាចិត្តពីការខិតខំអនុវត្តន៍គម្រោងសមាសភាគ២ នៃគម្រោង។ លោក Greg Browder បានបង្ហាញពីការពេញចិត្តរីករាយ និងមានមោទនភាពចំពោះកិច្ចខិតខំរួមគ្នា រវាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលជលផល ពីដើមដល់ពេលនេះ និងបានវាយតម្លៃថា កំពុងដំណើរការល្អឆ្ពោះទៅការអនុវត្តជាក់ស្តែងជាបណ្តើរៗ។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយបានស្តាប់ស្វែងយល់នូវខ្លឹមសារ និងផលប្រយោជន៍របស់គម្រោង តាមរយៈបទឧទ្ទេសនាមតាមសមាសភាគ១ និងសមាសភាគ២ អំពីគោលបំណងរួម លទ្ធផល និងការងារបន្តសម្រាប់អនុវត្តន៍គម្រោង ដែលបាននិងកំពុងត្រៀម រួមមានការបង្កើតក្រុមការងារ ការជ្រើសរើសក្រុមជំនាញការ ការពិភាក្សាលំអិតផែនការសកម្មភាព និងថវិកា ដែលរដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បន្តកិច្ចការ។

អង្គសិក្ខាសាលាក៏បានទទួលអនុសាសន៍ល្អៗពីស្ថាប័នដៃគូអភិវឌ្ឍន៍ ផ្អែកលើបទពិសោធន៍កន្លងមក ក្នុងការងារគ្រប់គ្រង និងអភិរក្សជលផល ការងារសហគមន៍ជលផល ការងារគ្រប់គ្រងធនធានទឹក គ្រប់គ្រងអាងទន្លេ និងការងារឆ្លងដែនជាមួយវៀតណាម ជាមួយថៃ ដែលចាំបាច់ឈរលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ និងបទដ្ឋានបច្ចេកទេស ប្រព័ន្ធម៉ូដែលដែលចាំបាច់ រួមជាមួយនឹងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ និងធ្វើការងារជាមួយប្រទេសជិតខាង ដូចជាការផ្លាស់ប្តូរទិន្នន័យជលសាស្រ្ត និងឧតុនិយមជាដើម។ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ពន្លឿនការងាររៀបចំយន្តការអនុវត្តន៍គម្រោងតាមសមាសភាគ និងត្រៀមចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់ការងារហិរញ្ញវត្ថុ ការងារលទ្ធកម្ម និងការចាត់ចែងចំណាយ៕

Hits: 1385