សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តសមាសភាគ១ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ (ថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ការចាប់ផ្តើមអនុវត្តសមាសភាគ១ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ដែលរៀបចំដោយរដ្ឋបាលជលផល នៅទីក្រុងសៀមរាប ដោយមានសមាសភាពចូលរួមចំនួន ៥៨រូប រួមមាន មន្រ្តីក្រុមការងារអនុវត្តគម្រោង នៃរដ្ឋបាលជលផល ថ្នាក់ជាតិ ថ្នាក់ខេត្ត មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីធនាគារពិភពលោក និងតំណាងអង្គការ NGOs។ ឯកឧត្តម តែ ណាវុធ បានចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុករដ្ឋបាលជលផល និងមន្រ្តីតំណាងធនាគារពិភពលោក បានថ្លែងស្វាគមន៍អង្គសិក្ខាសាលាជាមួយនឹងការជម្រាបជូនប្រវត្តិសំខាន់ៗជុំវិញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ នៃគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក និងរាជរដ្ឋភិបាលកម្ពុជា ដែលបានប្រសូតគម្រោងគ្រប់គ្រងធន ធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ដែលមានសមាសភាគ២ គឺ ទី១ គម្រោងគ្រប់គ្រងជលផល និងទី២ គម្រោងគ្រប់គ្រងធនធានទឹកតំបន់ឦសាននៃប្រទេស។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃគម្រោង ដែលគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ និងបណ្តានីតិវិធីប្រើប្រាស់ទឹកទាំង៥។ ឯកឧត្តម វ៉ាត់ បុត្តកុសល បានចូលរួមផ្តល់បទឧទ្ទេសនាមជូនអង្គសិក្ខាសាលា ស្តីពីសារៈសំខាន់នៃអាងទន្លេ និងការគ្រប់គ្រងធនធានទឹក និងផលប៉ះពាល់លើអាងទន្លេ បណ្តាលមកពីគម្រោងអភិវឌ្ឍន៍ទឹកផ្សេងៗ៕
Hits: 2558