Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​តាម​ដាន​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥)

(MRC-AIP)

វៀងច័ន្ទ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ថ្នាក់​តំបន់​ស្តី​ពី ការ​តាម​ដាន​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម នៅ​ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក និង​មន្រ្តី​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២២រូប។ សមាស​ភាព​ចូល​រូម​ពី​កម្ពុជា​មាន​ចំនួន ០៥រូប។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី៖ (១) ពិភាក្សា​ស្វែង​រក​នូវ​គំនិត​យោបល់ និង​​ការ​ឯក​ភាព​​​លើ​សំណើ​គម្រោង​ស្តី​ពី ការ​តាម​ដាន​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម ដោយ​ផ្តោត​លើ​ផែន​ការ​ការ​ងារ និង​លទ្ធ​ផល (២) ផ្តល់​យោបល់ និង​ឯក​ភាព​លើ​លក្ខ​ខណ្ឌ​ការ​ងារ នៃ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ សម្រាប់​អនុវត្តន៍​​គម្រោង។

អង្គ​ប្រជុំ​បាន​ពិភាក្សា​ និង​ស្នើ​សុំ​ឲ្យ​ក្រុម​ការ​ងារ AIP ថ្នាក់​តំបន់ រៀប​ចំ​កែ​សម្រួល​សំណើ​គម្រោង​ឡើង​វិញ ហើយ​ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​ការ​ជ្រើស​រើស​តំបន់​សិក្សា​ស្រាវជ្រាវ​ទៅ​តាម​ប្រទេស​រៀងៗ​ខ្លួន ដោយ​ឡែក​កម្ពុជា​បាន​ជ្រើស​រើស​យក​ខេត្ត​កំពង់​ចាម​ជា​តំបន់​គោល​ដៅ និង​មាន​ការ​រៀប​ចំ​ជា​កម្រង​បញ្ជី​សំណួរ​ដើម្បី​ចុះ​ស្រង់​ព័ត៌មាន​នៅ​តាម​តំបន់​នោះ។

ក្រុម​ការងារ AIP ថ្នាក់​តំបន់​ស្នើ​សុំ​ឲ្យ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ទាំង ៤​ប្រទេស ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ជំនាញ​ការ​អន្តរ​ជាតិ ​ ​ពាក់​ព័ន្ធ​ទៅ​នឹង​នីតិ​វិធី និង​ឧបករណ៍​មួយ​ចំនួន​ដូច​ជា៖

  • ​គំរូរចនាសម្ព័ន្ធ​សម្រាប់​ការ​ប្រមូល​ទិន្នន័យ
  • កម្រងបញ្ជីសំណួរ
  • គោលការណ៍ណែ​នាំ​សម្រាប់​ការ​ប្រមូល​ទិន្ន​ន័យ​ រួម​ទាំង​ការ​ពិភាក្សា​ផង​ដែរ និង
  • ការរៀបចំរបាយការណ៍។

ក្រុមការងារ AIP ថ្នាក់​តំ​បន់​នឹង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ការ​ងារ ដើម្បី​ដាក់​ជូន​ទៅ​ប្រទេស​ដែល​ជា​សមា​ជិក (កម្ពុជា ឡាវ ថៃ និង​វៀតណាម) ដើម្បី​ចុះ​ហត្ថ​លេខា និង​ចាប់​ផ្តើម​ទទួល​អនុវត្តន៍​ការ​ងារ​នា​ពេល​ឆាប់ៗ​ខាង​មុខ។​

Hits: 4423