កិច្ចប្រជុំការងារថ្នាក់តំបន់លើកទី ២ ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើសន្តិសុខស្បៀង (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៥)
(MRC-AIP)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានរៀបចំកិច្ចប្រជុំការងារថ្នាក់តំបន់លើកទី ២ ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើសន្តិសុខស្បៀងក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក (កម្ពុជា ថៃ វៀតណាម ដោយអវត្តមានប្រទេសឡាវ) និងមន្ត្រីជំនាញមកពី MRCS សរុបចំនួន ១៩រូប ក្នុងនោះសមាសភាពចូលរូមពីកម្ពុជាមានចំនួន ០៥រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សា និងរកការឯកភាពគ្នាលើការបញ្ចូលទិន្នន័យ សម្រាប់ការវាយតម្លៃទូទាំងអាងដោយប្រើប្រាស់មូលដ្ឋានទិន្នន័យនៅតាមបណ្តាខេត្ត ក្នុងការធ្វើម៉ូដែលទិន្នផលដំណាំ (២) ពិភាក្សា និងឯកភាពគ្នាលើលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសតំបន់សិក្សាសមស្របណាមួយ និងការបង្កើតនូវបញ្ជីសំណួរ ដើម្បីធ្វើការសម្ភាសឲ្យបានស៊ីជម្រៅ (៣) ធ្វើបច្ចុប្បន្នភាពផែនការការងារដែលបានស្នើឡើងសម្រាប់ការប្រមូលទិន្នន័យ និងករណីសិក្សាលើម៉ូដែលទិន្នផលដំណាំ (៤) ពិភាក្សា និងយល់ព្រមលើតួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ។
អង្គប្រជុំបានពិភាក្សាអំពីការប្រមូល ការបញ្ចូលទិន្នន័យនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្ត ពាក់ព័ន្ធនឹងស្រូវ ពោត ក្នុងតំបន់ដែលប្រើប្រាស់ដោយប្រព័ន្ធធារាសាស្រ្ត ប្រើប្រាស់ដោយទឹកភ្លៀង និងការចិញ្ចឹមសត្វ ពីឆ្នាំ ១៩៨៥‑២០១០។ មានការពិភាក្សា និងរៀបចំកម្រងបញ្ជីសំណួរ ដើម្បីចុះប្រមូលព័ត៌មានពីប្រជាពលរដ្ឋនៅតាមភូមិតំបន់គោលដៅ ដោយធ្វើការសម្ភាសជាក្រុម ហើយក៏បានពិភាក្សាផងដែរលើការធ្វើម៉ូដែលទិន្នផលដំណាំ ទៅតាមទិន្នន័យដែលមានជាក់លាក់ក្នុងរយៈពេល ៥ឆ្នាំ និងការធ្វើសេណារីយ៉ូ សម្រាប់ឆ្នាំ ២០៣០ និង ២០៦០៕
Hits: 4122