Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​បង្កើត​សេណា​រីយ៉ូ​នៃ​ការ​អភិវឌ្ឍន៍​បម្រែ​បម្រួល​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-AIP)

សៀមរាប៖ គណៈ​កម្មា​ធិការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ ការ​បង្កើត​សេណារី​យ៉ូ​នៃ​ការ​អភិវឌ្ឍន៍​ បម្រែ​បម្រួល​ការ​ប្រើ​ប្រាស់​​ដី​កសិកម្ម ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម នៅ​សណ្ឋា​គារ​សុខា​ល័យ​អង្គរ ទី​រួម​ខេត្ត​សៀមរាប ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ការ​ចូល​រួម​ពី​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ និង​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ២២រូប។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី​​ពិភាក្សា និង​​ផ្តល់​យោបល់៖ (១) ទៅ​​លើ​នីតិ​វិធី និង​វិធី​សាស្រ្ត​នៃ​ការ​បង្កើត​សេណារីយ៉ូ (២) ការ​ប្រមូល​ទិន្នន័យ និង​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​សេណារីយ៉ូ ក្នុង​ឆ្នាំ ២០០៧, ២០២០ និង ២០៤០ (៣) ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ការ​ងារ​របស់​ជំនាញ​ការ​ថ្នាក់​ជាតិ​​ពាក់​ព័ន្ធ​ផល​ប៉ះ​ពាល់​នៃ​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ និង​បម្រែ​បម្រួល​ការ​​ប្រើ​ប្រាស់​ដី​កសិកម្ម។

កិច្ច​ប្រជុំ​បាន​ពិភាក្សា និង​ផ្តល់​យោបល់​យ៉ាង​ផុស​ផុល​​ពាក់​ព័ន្ធ​ការ​ប្រមូល​ទិន្នន័យ ការ​រៀប​ចំ​ធ្វើ​សេណារីយ៉ូ​ ក្នុង​ឆ្នាំ ២០០៧, ២០២០ និង ២០៤០ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​សេណារីយ៉ូ រហូត​ទៅ​ដល់​ឆ្នាំ ២០៤០ ​នោះ គឺ​មាន​ការ​លំបាក​ពាក់​ព័ន្ធ​ការ​ប្រមូល​ទិន្នន័យ។​ ការ​ពិភាក្សា​លើ​ទិន្នន័យ​ដែល​ត្រូវ​យក​មក​ដំណើរ​ការ​ធ្វើ​សេណារីយ៉ូ ថា​តើ​មាន​អ្វី​ខ្លះ ហើយ​ត្រូវ​ប្រមូល​អ្វី​ខ្លះបន្ថែម​ទៀត ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​គម្រោង​នេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ចុះ​ប្រមូល​ទិន្នន័យ​តាម​ទីវាល​ទេ គឺ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​មាន​ស្រាប់ និង​មាន​ប្រភព​ច្បាស់​លាស់។ អង្គ​ប្រជុំ​បាន​ចង្អុល​បង្ហាញ ក៏​ដូច​ជា​ការ​ណែ​នាំ​ទៅ​ដល់​ក្រុម​ជំនាញ​ការ​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​អនុវត្តន៍​ទៅ​ដោយ​រលូន និង​សម្រេច​បាន​នូវ​លទ្ធ​ផល​ដែល​មាន​គុណ​ភាព​ និង​ភាព​ជឿ​ជាក់៕

Hits: 1625