Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​បង្កើត​សេណារីយ៉ូ​នៃ​ការ​អភិវឌ្ឍន៍​តំបន់​ស្រោច​ស្រព ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-AIP)

សៀមរាប៖ គណៈ​កម្មា​ធិការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ ការ​បង្កើត​សេណារី​យ៉ូ នៃ​ការ​អភិវឌ្ឍន៍​ តំបន់​ស្រោច​ស្រព ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម នៅ​សណ្ឋា​គារ​សុខាល័យ​អង្គរ ទី​រួម​ខេត្ត​សៀមរាប ដឹក​នាំ​ដោយ​ឯកឧត្តម​បណ្ឌិត អាន ពេជ្រ ហត្ថដា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ការ​ចូល​រួម​ពី​​ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍​ជន​បទ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២៣រូប។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី​​ពិភាក្សា និង​ផ្តល់​យោបល់៖​​​ (១) ទៅ​លើ​នីតិ​វិធី និង​វិធី​សាស្រ្ត​នៃ​ការ​បង្កើត​សេណារីយ៉ូ (២) ការ​ប្រមូល​ទិន្នន័យ និង​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​សេណារីយ៉ូ ក្នុង​ឆ្នាំ ២០០៧, ២០២០ និង ២០៤០ (៣) ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ការ​ងារ​របស់​ជំនាញ​ការ​ថ្នាក់​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល និង​សំណឹក​ដី។

អង្គប្រជុំ​បាន​ពិភាក្សា និង​ផ្តល់​យោបល់​យ៉ាង​ផុស​ផុល​ពាក់​ព័ន្ធ​ការ​ប្រមូល​ទិន្នន័យ ដោយ​តម្រូវ​ឱ្យ​យក​ទិន្នន័យ​ដែល​មាន​ស្រាប់​មក​ពី​ប្រភព​ផ្សេងៗ ដើម្បី​រៀប​ចំ​ធ្វើ​សេណារីយ៉ូ​ ក្នុង​ឆ្នាំ ២០០៧, ២០២០ និង ២០៤០ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​សេណារីយ៉ូ រហូត​ទៅ​ដល់​ឆ្នាំ ២០៤០ ​នោះ គឺ​មាន​ការ​លំបាក​ពាក់​ព័ន្ធ​ការ​ប្រមូល​ទិន្នន័យ។ ការ​ពិភាក្សា​លើ​ទិន្នន័យ​ដែល​ត្រូវ​យក​មក​ដំណើរ​ការ​ធ្វើ​សេណារីយ៉ូ ថា​តើ​មាន​អ្វី​ខ្លះ ហើយ​ត្រូវ​ប្រមូល​អ្វី​ខ្លះ​បន្ថែម​ទៀត ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​គម្រោង​នេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ចុះ​ប្រមូល​ទិន្នន័យ​តាម​ទីវាល​ទេ។ អង្គ​ប្រជុំ​បាន​ចង្អុល​បង្ហាញ ក៏​ដូច​ជា​ការ​ណែនាំ​ទៅ​ដល់​ក្រុម​ជំនាញ​ការ​ថ្នាក់​ជាតិ ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​អនុវត្តន៍​ទៅ​ដោយ​រលូន និង​សម្រេច​បាន​នូវ​លទ្ធ​ផល​ដែល​មាន​គុណ​ភាព​ ភាព​ជឿ​ជាក់ មាន​ការ​ទទួល​ស្គាល់​ពី​ថ្នាក់​ជាតិ និង​ដើម្បី​ផលប្រយោជន៍​ជាតិ។​ ក្រុម​ការ​ងារ AIP របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​នឹង​បន្ត​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេក​ទេស ដល់​ជំនាញ​ការ​ថ្នាក់​ជាតិ ពាក់​ព័ន្ធ​ការ​ធ្វើ​សេណារីយ៉ូ​នេះ និង​ស្នើ​សុំ​ឱ្យ​ជំនាញ​ការ​ថ្នាក់​ជាតិ​ទាំង​អស់​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​ជំនាញ​ការ​អន្តរ​ជាតិ​ថ្នាក់​តំបន់៕

Hits: 1815