Developed by Khmer Focus

កិច្ច​ប្រជុំ​ពិភាក្សា​ថ្នាក់​ជាតិ​ស្តី​ពី ការ​តាម​ដាន​បម្រែ​បម្រួល​នៃ​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

(CNMC-AIP)

កំពង់ចាម៖ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា តាមរយៈកម្មវិធី​កសិកម្ម និង​ធារាសាស្ត្រ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី ការ​តាម​ដាន​បម្រែបម្រួល នៃ​ការ​ប្រើ​ប្រាស់​ដី​កសិកម្ម ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម នៅ​សណ្ឋា​គារ​ភ្នំប្រុស ទីរួម​ខេត្ត​កំពង់ចាម។ កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ​ឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​​ប្រធាន​​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ និង​មាន​មន្រ្តី​ចូល​រួម​មក​ពី​​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ និង​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មការ​​ទន្លេ​​មេគង្គ សរុប​ចំនួន ១៨រូប។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សា និង​ផ្តល់យោបល់​​លើគម្រោងស្នើសុំ និងលក្ខខណ្ឌអនុវត្តន៍ការងារស្តីពី ការតាមដានបម្រែបម្រួល​ នៃការប្រើប្រាស់ដីកសិកម្ម។ នៅក្នុងប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំ ឯកឧត្តមបាន​លើក​​ឡើងថា​ វិស័យ​កសិកម្មត្រូវបាន​ចាត់ទុកជាវិស័យអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណ របស់​រាជរដ្ឋាភិបាល​​​កម្ពុជា ដោយបានបន្តដើរ​តួនាទីដ៏សំខាន់ ក្នុងការជំរុញការ​ដាំដុះក្នុងស្រុក គឺរួមចំណែកដល់ការលូតលាស់​ផ្នែកសេដ្ឋកិច្ចជាតិ។ ការពង្រីកវិស័យ​កសិកម្ម ការប្រើប្រាស់ធនធាន ដោយផ្អែក​លើ​ចំណេះដឹង បច្ចេកទេសផ្នែកកសិកម្ម និងធារាសាស្ត្រ​ គឺជាឱកាសកំណត់នូវការអភិវឌ្ឍ បង្កើនប្រាក់ចំណូល ​ដែល​ធ្វើ​ឱ្យប្រសើរឡើង​នូវជីវភាពរស់នៅ និងកាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាកសិករ។​ កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងស្នើសុំឱ្យកែសម្រួលលើឯកសារលក្ខខណ្ឌអនុវត្តន៍ការងារ​មួយ​ចំនួន ដែលនឹងត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៥។ អង្គប្រជុំក៏បានឯកភាពក្នុងការរៀបចំក្រុមការងារបច្ចេកទេស និង​ផែនការសកម្មភាពបន្ទាប់ ​​ព្រមទាំងការជ្រើសរើសតំបន់សម្រាប់សិក្សាស្រាវជ្រាវចំនួន ០២កន្លែងក្នុងខេត្តតែមួយ។ បន្ទាប់ពីប្រមូលមតិយោបល់ពីកិច្ចប្រជុំនេះ​ គណៈកម្មការ​ទន្លេ​មេគង្គនឹងរៀបចំកិច្ចប្រជុំថ្នាក់តំបន់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីពិនិត្យ និងកែសម្រួលលើឯកសារគម្រោងស្នើសុំ សម្រាប់អនុវត្តន៍នៅថ្នាក់ជាតិ នៃបណ្តាប្រទេស​ជាសមាជិកគណៈកម្មការ​ទន្លេ​មេគង្គ៕

Hits: 1062