(CNMC-BDP)
ព្រះសីហនុ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ជម្រើសកំណែទម្រង់ រចនាសម្ព័ន្ធលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារខ្សាច់មាស ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង‑ស្ថាប័នពាក់ព័ន្ឋ និងមន្ត្រីថ្នាក់តំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៤នាក់។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ នៅក្នុងមតិស្វាគមន៍ និងថ្លែងបើកសិក្ខាសាលា ឯកឧត្តមបានមានប្រសាសន៍ថា គណៈកម្មការទន្លេមេគង្គ (MRC) បាននឺងកំពុងធ្វើដំណើរការផ្លាស់ប្តូរមួយដើម្បីបំពេញតាមការប្តេជ្ញាចិត្ត និងទិសដៅនៃសេចក្តីថ្លែងការណ៍ ហួ ហ៊ីន ឆ្នាំ២០១០ នៅប្រទេសថៃ ដែលត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍ ទីក្រុងហូជីមិញ ឆ្នាំ២០១៤ នៅប្រទេសវៀតណាម ទាក់ទងនឹងស្វ័យភាពហិរញ្ញវត្ថុ និងនិរន្តរភាពរបស់គណៈកម្មការទន្លេមេគង្គ រហូតដល់ឆ្នាំ២០៣០ និងសំដៅឆ្ពោះទៅបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងអាងទន្លេមេគង្គក្រោម។ ទន្ទឹមនេះដែរដើម្បីពង្រឹងការគាំទ្រ និងបង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាព សម្រាប់អនុវត្តន៍វិមជ្ឈការមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ ក្នុងការគ្រប់គ្រងអាងទន្លេគណៈកម្មការទន្លេមេគង្គ បានរៀបចំធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធប្រតិបតិ្តការ ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម យកចិត្តទុកដាក់ និងផ្តោតជាសំខាន់លើការធ្វើវិមជ្ឈការមុខងារស្នូល និងដើម្បីបង្រួមលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គឱ្យកាន់តែតូច និងមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងអាងទន្លេ។
គោលបំណងនៃអង្គសិក្ខាសាលានេះគឺ ដើម្បីពិភាក្សា និងប្រមូលមតិយោបល់លើសំណើជម្រើស កំណែទម្រង់រចនាសម្ព័ន្ធ និងតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សម្រាប់គាំទ្រដល់ការអនុវត្តវិមជ្ឈការមុខងារស្នូល ក្នុងការគ្រប់គ្រងអាងទន្លេរបស់គណៈកម្មការទន្លេមេគង្គ។
តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តមបានស្នើសុំឱ្យឯកឧត្តម អស់លោក លោកស្រីទាំងអស់ ចូលរួមចំណែកយ៉ាងសកម្មផុលផុស ក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីឱ្យសិក្ខាសាលានេះសម្រេចបាន លទ្ធផលតាមការគ្រោងទុក៕