(CNMC-NAP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការបណ្តុះបណ្តាល សម្រាប់អនុវត្តន៍កម្មវិធីនាវាចរណ៍ នៅទីរូមខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សាលាក្រុងភ្នំពេញ ក្រុមហ៊ុនប្រេង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៨រូប។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការដឹកនាំពីឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនថា ការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានច្បាស់លាស់ ជាផ្នែកមួយនៃកម្មវិធី នាវាចរណ៍ របស់គណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៣-២០១៥ ដើម្បីអនុវត្តន៍លទ្ធផលសម្រេចទាំងនោះឱ្យបានជោគជ័យ ហើយដែលប្រទេសជាសមាជិកមេគង្គបានយល់ថា ជាការចាំបាច់ ដើម្បីពិនិត្យពិភាក្សាលំអិតលើតម្រូវការជាក់ស្តែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមបានបន្តថា នេះជាលើកទី១ហើយដែលយើងបានធ្វើការពិនិត្យរួមគ្នា លើសេចក្តីព្រាងផែនការបណ្តុះបណ្តាលសម្រាប់កម្ពុជា។
តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានយល់ដឹងអំពីតម្រូវការរបស់ប្រទេសជាសមាជិក ទាក់ទងនឹងផែនការបណ្តុះបណ្តាលសម្រាប់អនុវត្តន៍កម្មវិធីនាវាចរណ៍ ព្រមទាំងបានពិនិត្យផ្តល់យោបល់លើតម្រូវការ វាយតម្លៃ តម្រូវការបណ្តុះបណ្តាល និងផែនការបណ្តុះបណ្តាល ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។
កិច្ចប្រជុំតម្រូវឱ្យជំនាញការអន្តរជាតិ ធ្វើការកែលំអសេចក្តីព្រាងផែនការបណ្តុះបណ្តាល សម្រាប់អនុវត្តន៍សកម្មភាព កម្មវិធីនាវាចរណ៍នាឆ្នាំខាងមុខ និងសំណូមពរឱ្យក្រុមការងារកម្មវិធីនាវាចរណ៍ រៀបចំរបាយការណ៍សម្រាប់វាយតម្លៃ តម្រូវការបណ្តុះបណ្តាលសម្រាប់កម្ពុជា។
កិច្ចប្រជុំបានឯកភាពជាគោលការណ៍ លើសេចក្តីព្រាងផែនការបណ្តុះបណ្តាល បើទោះជាវីធីសាស្ត្ររបស់ក្រុមការងារ នាវាចរណ៍ថ្នាក់តំបន់ ក្នុងការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ក្នុងការអនុវត្តកម្មវិធីនាវាចរណ៍នៅកម្ពុជា បានទទួល ការរិះគន់ថា មានការខុសឆ្គងក៏ដោយ។
សេចក្តីព្រាងផែនការបណ្តុះបណ្តាលថ្នាក់ជាតិនេះនឹងត្រូវបានរៀបចំឡើង និងឆ្លងការពិនិត្យផ្តល់យោបល់ពីកិច្ចប្រជុំ លើកទី២ របស់គណៈកម្មាធិការប្រឹក្សាផ្តល់យោបល់ផ្នែកនាវាចរណ៍ នាពេលខាងមុខ៕