Developed by Khmer Focus
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជុំទី២ ស្តីពីការរៀនសូត្រ និងចែករំលែកលើការកសាងចំណេះដឹងលើកិច្ចព្រមព្រៀង ១៩៩៥ (ថ្ងៃទី ២៣-២៤ ខែធ្នូ ឆ្នាំ ២០១៤)

(CNMC-BDP)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ជុំ​ទី២ ស្តី​ពី ការ​រៀន​សូត្រ និង​ចែក​រំលែក​លើ​ការ​កសាង​ចំណេះ​ដឹង លើ​កិច្ច​ព្រម​ព្រៀង​មេគង្គ​១៩៩៥ និង​នីតិ​វិធី​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​សណ្ឋាគារ​សោមាទេវីអង្គរ ខេត្តសៀមរាប ដោយ​មាន​មន្រ្តី​តំណាង​ក្រសួង ស្ថាប័ន​ជា​សមាជិក​អញ្ជើញ​ចូល​រួម​សរុប​ចំនួន ៣៥រូប។ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ប្រធានអង្គពិគ្រោះយោបល់ ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានមានប្រសាសន៍ អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់នេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកាន់តែល្អប្រសើរ ជូនមន្រ្តីក្រសួង-ស្ថាប័ន ដើម្បីយល់ដឹងច្បាស់អំពីខ្លឹមសារកិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងតួនាទីនៃនីតិវិធីរបស់ MRC សម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ។

ឯកឧត្តម តែ ណាវុធ បានបញ្ជាក់ជូនអង្គពិគ្រោះយោបល់ថា នៅក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ប្រទេសកម្ពុជា រួមទាំងប្រទេសសមាជិក ៣ទៀត រួមមាន ឡាវ ថៃ និងវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី និងគម្រោងនានារបស់ MRC ដើម្បីគាំទ្រដំណើរការអនុវត្តន៍កិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងអនុវត្តន៍នីតិវិធីប្រើប្រាស់ទឹកទាំង៥ របស់ MRC ដែលបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០០១-២០១១ កន្លងមក។ កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ បានចុះហត្ថលេខាដោយប្រទេសជាសមាជិកទាំង៤ ក្នុងឆ្នាំ១៩៩៥ បង្កើតបានគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តរជាតិមួយ។ គណៈកម្មការទន្លេមេគង្គ បានកំណត់នូវចក្ខុវិស័យអាងទន្លេមេគង្គ៖ អាងទន្លេមេគង្គ ដែលមានវិបុលភាពសេដ្ឋកិច្ច យុត្តិធម៌សង្គម និងសមស្របខាងបរិស្ថាន និងចក្ខុវិស័យរបស់ខ្លួន គឺជាអង្គការអាងទន្លេអន្តរជាតិមួយ កម្រិតពិភពលោក ដែលអាចធានាសន្តិសុខផ្នែកហិរញ្ញវត្ថុ និងផ្តល់សេវាដល់ប្រទេសនៅតាមដងទន្លេមេគង្គ ក្នុងការសម្រេចចក្ខុវិស័យអាងទន្លេនេះ។ បេសកកម្មរបស់គណៈកម្មការទន្លេមេគង្គគឺ ដើម្បីជម្រុញ និងសម្របសម្រួលការគ្រប់គ្រង និងអភិឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធ ឱ្យមាននិរន្តរភាពសម្រាប់ជាប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិក និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។

បណ្តានីតិវិធីនៃការប្រើប្រាស់ទឹកទន្លេមេគង្គទាំង ៥ ដែលបានអនុម័តដោយក្រុមប្រឹក្សា រួមមាន៖

១. នីតិវិធីសម្រាប់ដោះដូរ និងចែករំលែកទិន្នន័យ និងព័ត៌មាន (PDIES) អនុម័តក្នុងឆ្នាំ ២០០១ 

២. នីតិវិធីនៃការត្រួតពិនិត្យការប្រើប្រាស់ទឹក (PWUM) អនុម័តក្នុងឆ្នាំ ២០០៣

៣. នីតិវិធីសម្រាប់ការជូនដំណឹង ពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA) អនុម័តក្នុងឆ្នាំ ២០០៣

៤. នីតិវិធីនៃការថែរក្សាលំហូរទឹកនៅលើទន្លេមេ (PMFM) អនុម័តក្នុងឆ្នាំ ២០០៦  និង

៥. នីតិវិធីសម្រាប់គុណភាពទឹក (PWQ) អនុម័តក្នុងឆ្នាំ ២០១១។

អង្គពិភាក្សាបានស្តាប់បទបង្ហាញនានា និងបានពិភាក្សាយ៉ាងក្បោះក្បាយ និងចែករំលែកចំណេះដឹងរវាងគ្នា លើការយល់ដឹងអំពីខ្លឹមសារ តម្រូវការ និងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គ១៩៩៥ និងនីតិវិធីទាំង៥ របស់ MRC ដែលអាចបំពេញតួនាទីយ៉ាងសំខាន់ ចូលរួមដោះស្រាយដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមភាព ជួយបំពេញតម្រូវការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងបរិស្ថានសម្រាប់ប្រទេសជាសមាជិក៕