Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ផែន​ការ​ការ​ងារ​ឆ្នាំ២០១៥ នៃ​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះដឹង របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥)

(MRC-IKMP)

ហាណូយ៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ផែន​ការ​ការ​ងារ​ឆ្នាំ​២០១៥ នៃ​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះដឹង របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រោម​​ការ​ដឹក​នាំ​របស់​តំណាង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ដោយ​​មាន​​ការ​ចូល​រួម​​ពី​​មន្ត្រី​តំណាង​ក្រសួង​ពាក់ព័ន្ធ​ នៃ​ប្រទេស​​ជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន​គណៈ​កម្មការទន្លេ​មេ​គង្គ សរុបចំនួន ២៣រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជា រួមមានលោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និង​ការងារ​ទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក គឺ ខេមលីន មន្ត្រីសម្រប​សម្រួល​កម្មវិធី​គ្រប់​គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​លោក ហេង បូរាណ ជំនាញការជាតិផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យ នៃ​កម្មវិធី​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង។

កិច្ចប្រជុំបានយល់ដឹងអំពីសមិទ្ធិផលសម្រេចបាន របស់កម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង ដោយ​​​ក្រុម​ការងារ​​ថ្នាក់តំបន់ និងប្រទេសជាសមាជិកកន្លងមក និងឆ្នាំ២០១៤ ដោយបានឯកភាពជា​គោល​ការណ៍​​លើ​ផែនការ​ការងារ​សម្រាប់កម្មវិធីនៅថ្នាក់ជាតិ ព្រមទាំងស្នើឱ្យថ្នាក់ជាតិធ្វើការ​កែសម្រួលលើ​​ផែនការ​ការងារ​​​ឆ្នាំ​​​២០១៥ តាម​​តម្រូវការជាក់ស្តែង និងការងារអាទិភាពរបស់ប្រទេសរៀងៗខ្លួន ដោយផ្អែកលើថវិកា​ដែល​​មាន។ តម្រូវការ​ជាក់ស្តែងរបស់ប្រទេសអាចស្នើ និងពិនិត្យឯកភាពតាម​រយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹក​នាំកម្មវិធី (IKMP Steering Committee)។ កិច្ចប្រជុំក៏បានជម្រុញឱ្យមាន​ការ​បញ្ចប់​ ការអនុវត្តគម្រោងសិក្សា​សាក​ល្បង​​​​​ សម្រាប់​​​នីតិវិធី​ពិនិត្យ​​​តាមដាន​ការប្រើប្រាស់ទឹក។ ជាមួយគ្នា​នេះប្រទេស​ក៏បានសំដែងក្តី​បារម្ភ​​​អំពី​កង្វះ​ថវិកា​​ដែល​កាន់តែតិច​ជាងឆ្នាំ​មុនៗ​ ​​លើ​​ការងារ​​អនុវត្តន៍សកម្ម​​ភាពការងារ​នៅថ្នាក់​ជាតិ ក្នុងនោះលើ​ការងារ​ប្រមូល​​​ទិន្នន័យ ការកសាងសមត្ថភាព ការរៀបចំផែនទីគោល (base map) ​និង​បណ្តាញ​ទន្លេ (river network) ប្រតិ​​​​​បត្តិការ និង​ការថែទាំ​ឧបករណ៍​នៅតាម​ស្ថានីយ៍​ Mekong-HYCOS។

ដើម្បីអនុវត្តន៍សកម្មភាពការងារនៅថ្នាក់ជាតិបានជោគជ័យ កិច្ចប្រជុំបានគិតគូរអំពីយុទ្ធសាស្ត្រ​ ក្នុង​ការ​ប្រាស្រ័យទាក់ទង សម្រាប់ប្រសិទ្ធភាពការងារសម្របសម្រួល របស់កម្មវិធីទាំងថ្នាក់ជាតិ និងថ្នាក់​តំបន់៕