(CNMC-CCAI)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកំណត់ សេណារីយ៉ូ ការប្រែប្រួលអាកាសធាតុ ដើម្បីវាយតម្លៃផលប៉ះពាល់ នៅក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សមាជិកចូលរួមសរុបចំនួន ៣២នាក់ ជាមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គ្រឹះស្ថានអប់រំ និងសិក្សាស្រាវជ្រាវសាធារណៈ និងមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃបណ្តាកម្មវិធីពាក់ព័ន្ធ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងការបើក និងដឹកនាំការពិភាក្សា នៃកិច្ចពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងដើម្បីបង្ហាញ ពិភាក្សា និងប្រមូលមតិពីបណ្តាតំណាងមកពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ លើការកំណត់ និងការជ្រើសរើស សេណារីយ៉ូ ការប្រែប្រួលអាកាសធាតុ សម្រាប់ការវាយតម្លៃផលប៉ះពាល់នៅក្នុងអាងទន្លេមេគង្គក្រោម ដែលនឹងជួយដល់ការកសាងផែនការ និងវិធីសាស្រ្តបន្ស៊ាំ សម្រាប់អាងទន្លេមេគង្គក្រោម ដែលបានធ្វើឡើងដោយកម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ របស់គណៈកម្មការទន្លេមេគង្គ។
សិក្ខាសាលាទទួលបានលទ្ធផលដូចតទៅ៖
- ការយល់ដឹងជារួម ទៅលើយុទ្ធសាស្រ្ត និងបទពិសោធន៏ ដែលបានអនុវត្តជាអន្តរជាតិទាក់ទងនឹងការកំណត់ សេណារីយ៉ូ វាយតម្លៃការឡើងកម្រឹតនីវ៉ូទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ
- ការយល់់ដឹងជារួម មតិ និងធាតុចូល លើយុទ្ធសាស្រ្តដែលស្នើឡើងដោយ “កម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ” និងលទ្ធផលសម្រាប់កំណត់សេណារីយ៉ូ វាយតម្លៃការប្រែប្រួលអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម។
សិក្ខាកាមបានចែករំលែក និងទទួលបាននូវមេរៀន និងបទពិសោធន៍ទាក់ទងនឹងប្រធានបទនៃការកំណត់ សេណារីយ៉ូ វាយតម្លៃការប្រែប្រួលអាកាសធាតុ ក្នុងការកសាងផែនការបន្ស៊ាំ សម្រាប់អាងទន្លេមេគង្គក្រោម។ នាពេលខាងមុខដ៏ខ្លីនឹងមានកិច្ចប្រជុំពិភាក្សានៅក្នុងបណ្តាប្រទេសជាសមាជិក ឡាវ ថៃ និងវៀតណាម ដើម្បីឯកភាពគ្នា កំណត់សេណារីយ៉ូ រួម សម្រាប់តំបន់អាងទន្លេមេគង្គក្រោម៕