Developed by Khmer Focus
ទស្សនៈ​កិច្ច​របស់​ជំនាញ​ការ​អន្តរ​ជាតិ របស់​ការ​សិក្សា​ក្រុម​ប្រឹក្សា នៃ​​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​តំបន់​ទន្លេ​សាប ប្រទេស​កម្ពុជា (ថ្ងៃទី ២៥‑២៨ ខែមីនា ឆ្នាំ​២០១៥)

(CNMC-MRC)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា សហការ​ជា​មួយ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​​ចំ​ការ​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា របស់​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ​​ស្តី​ពី ការ​វាយ​តម្លៃ​ធន​ធាន​ជីវចម្រុះ របស់​ការ​សិក្សា​ក្រុម​ប្រឹក្សា ក្នុង​តំបន់​បឹង​ទន្លេ​​សាប ប្រទេស​កម្ពុជា នៅ​ខេត្ត​​បាត់​​ដំបង និង​ខេត្ត​សៀមរាប ដោយ​មាន​ការ​សម្រប​សម្រួល​ពី​​ក្រុម​ការ​ងារ​កម្ពុជា ដឹក​នាំ​​ដោយ​​ឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គ​លេខា​​ធិកា​រ​​រង នៃ​​អគ្គ​លេខា​ធិការ​ដ្ឋាន​​គណៈ​​កម្មាធិការ​​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា និង​ជា​មន្រ្តី​សម្រប​​សម្រួល​​សកម្មភាព Council Study កម្ពុជា និង​មាន​ការ​ចូល​រួម​ដោយ​ឯកឧត្តម ខូវ មាស អគ្គ​​លេ​​​​ខា​ធិការ​រង ​អា​ជ្ញា​ធរ​​​ទន្លេ​​​សាប លោក ​សុខ ខុម មន្ត្រី​សម្រប​​សម្រួល​​កម្ម​វិធី​ជល​ផល នៃ​​អគ្គ​លេខា​​ធិ​ការ​​ដ្ឋាន​គ​ណៈ​​​កម្មា​​​ធិ​ការ​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា លោក ឆេង ផែន អនុប្រធាន​ក្តាប់​រួម នៃ​វិទ្យា​ស្ថាន​​ស្រាវ​​ជ្រាវ និង​អភិវឌ្ឍន៏​​ជល​​​ផល​​ទឹក​​សាប នៃ​រដ្ឋ​បាល​ជល​ផល នៃ​​ក្រសួង​​កសិកម្ម​ រុក្ខាប្រមាញ់ និង​​នេសាទ និង​មន្រ្តី​​​ពាក់​​​ព័ន្ធ​​​​មក​ពី​​ប្រទេស​​ជា​សមាជិក​គណៈ​​កម្មការ​ទន្លេ​មេគង្គ និង​ក្រុម​ជំនាញ​ការ​អន្តរ​ជាតិ ចូល​រួម​សរុប​ចំនួន ៣០រូប។

ក្នុងរយៈពេល​ពីរ​ថ្ងៃ​នេះ ក្រុម​ទស្សនៈ​កិច្ច​បាន​ធ្វើ​ទស្សនៈ​កិច្ច​ទៅ​​កាន់​​​បន្ទាយ​​សត្វ​​ស្លាប នៃ​​​ឋបនីយ៍​ជីវ​​មណ្ឌល បឹង​​ទន្លេ​​សាប ​ក្នុង​​ខេត្ត​​បាត់​ដំបង និង​ទៅ​កាន់​កំពង់​​ឃ្លាំង ក្នុង​​ខេត្ត​​សៀម​រាប ដើម្បី​ស្វែង​យល់​​អំពី​ប្រព័ន្ធ​អេកូឡូស៊ី ប្រភេទ​រុក្ខ​ជាតិ ​សត្វ​ស្លាប ​ថនិក​សត្វ ត្រី អំពី​​សណ្ឋាន​​ដី និង​ការ​ប្រើ​ប្រាស់​​ដី​ សម្រាប់​​ដំណាំ​​កសិកម្ម នៅ​ក្នុង​​តំបន់​ទាំង​នោះ។

ក្រុមទស្សនៈ​កិច្ច​បាន​វាយ​តម្លៃ​ខ្ពស់​ពី​សកម្មភាព និង​លទ្ធ​ផល​នៃ​ទស្សនៈ​​កិច្ច​​សិក្សា​មក​​​កាន់​តំបន់​​បឹង​​ទន្លេ​​សាប ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​សំខាន់​នៃ​តំបន់​​ទស្សនៈ​​កិច្ច​​សិក្សា និង​បាន​ពិភាក្សា​បូក​សរុប និង​វាយ​​ត​ម្លៃ​​លទ្ធ​ផល​ទទួល​បាន​ក្នុង​​ដំណើរ​​ទស្សនៈ​​កិច្ច​សិក្សា​នេះ ដោយ​កំណត់​​បាន​នូវ​របៀប​វិនិច្ឆ័យ​​នៃ​ការ​​វាយ​​តម្លៃ​​លើ​​ធន​​ធាន​​​ជីវចម្រុះ។

ក្រុមទស្សនៈកិច្ច បាន​ឯក​ភាព​គ្នា​លើ​ពេល​វេលា​ចុះ​ទស្សនៈ​កិច្ច​លើក​ទី២ ពី​ថ្ងៃ​ទី​ 0៣‑​១២ ខែ​កក្កដា ឆ្នាំ​២០១៥​ ចាប់​ពី​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ លួង​ប្រាបាង ចំប៉ាសាក់ ប្រទេស​ឡាវ  និង​នៅ​ស្ទឹង​ត្រែង ក្រចេះ ប្រទេស​កម្ពុជា៕​