Developed by Khmer Focus
កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំ​បន់​លើក​ទី​ ២ ​ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ទៅ​លើ​សន្តិ​សុខ​ស្បៀង (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៥)

(MRC-AIP)

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) បាន​រៀប​ចំ​កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំបន់​លើក​ទី ២ ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ទៅ​លើ​សន្តិ​សុខ​ស្បៀង​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក (កម្ពុជា ថៃ វៀតណាម ដោយ​អវត្តមាន​ប្រទេសឡាវ) និង​មន្ត្រី​ជំនាញ​មក​ពី MRCS សរុប​ចំនួន ១៩រូប ក្នុង​នោះ​​សមាស​ភាព​​ចូល​រូម​​​ពី​កម្ពុជា​​មាន​ចំនួន ០៥រូប។​

គោល​បំណង​នៃ​កិច្ច​ប្រ​ជុំគឺដើម្បី៖ (១) ពិភាក្សា និង​រក​ការ​ឯក​ភាព​គ្នា​លើ​ការ​បញ្ចូល​ទិន្នន័យ សម្រាប់​​ការ​វាយ​តម្លៃ​​ទូទាំង​អាង​​ដោយ​ប្រើ​ប្រាស់​មូល​ដ្ឋាន​ទិន្នន័យ​នៅ​តាម​បណ្តា​ខេត្ត​ ក្នុង​ការ​ធ្វើ​​ម៉ូដែល​​ទិន្ន​ផល​​ដំ​ណាំ (២) ពិភាក្សា និង​ឯក​ភាព​គ្នា​លើ​លក្ខណៈ​វិនិច្ឆ័យ​​សម្រាប់​ការ​ជ្រើស​​រើស​​តំបន់​​សិក្សា​សម​ស្រប​ណា​មួយ និង​ការ​បង្កើត​នូវ​បញ្ជី​សំណួរ ដើម្បី​ធ្វើ​ការ​សម្ភាស​ឲ្យ​បាន​ស៊ី​ជម្រៅ (៣) ​ធ្វើ​បច្ចុប្បន្ន​ភាព​ផែន​ការ​​ការ​ងារ​ដែល​បាន​ស្នើ​ឡើង​សម្រាប់​ការ​ប្រមូល​ទិន្នន័យ និង​ករណី​សិក្សា​​លើ​ម៉ូដែល​ទិន្ន​ផល​​ដំ​ណាំ (៤) ពិភាក្សា និង​​យល់​ព្រម​លើ​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​​ភាគី​​ពាក់​ព័ន្ធ។

អង្គ​ប្រជុំ​បាន​ពិភាក្សា​អំ​ពី​ការ​ប្រមូល ការ​បញ្ចូល​ទិន្ន​ន័យ​នៅ​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ពាក់​ព័ន្ធ​នឹង​ស្រូវ ពោត​ ក្នុង​តំបន់​ដែល​ប្រើ​ប្រាស់​ដោយ​ប្រព័ន្ធ​​ធារា​សាស្រ្ត ប្រើ​​ប្រាស់​​ដោយ​ទឹក​ភ្លៀង និង​ការ​ចិញ្ចឹម​សត្វ ពី​ឆ្នាំ​ ១៩៨៥‑​២០១០។ មាន​ការ​ពិភាក្សា និង​រៀប​ចំ​កម្រង​បញ្ជី​​សំណួរ​ ដើម្បី​ចុះ​ប្រមូល​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​​នៅ​​តាម​ភូមិ​តំបន់​គោល​ដៅ ដោយ​ធ្វើ​ការ​សម្ភាស​​ជា​ក្រុម​ ហើយ​ក៏​បាន​ពិភាក្សា​ផង​ដែរ​លើ​ការ​ធ្វើ​ម៉ូដែល​ទិន្នផល​ដំណាំ​ ទៅ​តាម​ទិន្នន័យ​ដែល​មាន​​ជាក់​លាក់​ក្នុង​​រយៈ​​ពេល ​៥ឆ្នាំ និង​ការ​ធ្វើ​សេណារីយ៉ូ សម្រាប់​ឆ្នាំ ២០៣០ និង ២០៦០៕