(MRC-MIWRM)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃគម្រោងឆ្លងដែន នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីទទួលបន្ទុកគម្រោងឆ្លងដែនស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (M-IWRMP) របស់គណៈកម្មការទន្លេមេគង្គ ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងជាមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ជាតិ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីអាជ្ញាធរទន្លេសាប និងមន្រ្តីរដ្ឋបាលជលផល ក្រុមការងារបច្ចេកទេសនៃគម្រោង M-IWRMP នៃប្រទេសជាសមាជិក និងមន្រ្តីលេខាធិការដ្ឋាន MRC សរុបចំនួន ២៨រូប។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃដំណើរការអនុវត្តគម្រោង លទ្ធផល និងទិសដៅការងាររបស់ប្រទេសជាសមាជិករហូតដល់ដំណាច់ឆ្នាំ២០១៥ និងការពិភាក្សាគំនិត ដើម្បីផ្សារភ្ជាប់ការងាររបស់គម្រោង ទៅនឹងការផ្សព្វផ្សាយ ការធ្វើប្រាស្រ័យទាក់ទងនឹងបណ្តាញគេហទំព័រ ទស្សនាវដ្តី និង FaceBook របស់ MRC។
កិច្ចប្រជុំបានសម្រេចលទ្ធផល ដោយបានផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តគម្រោងនៅតាមប្រទេស បានបង្កើនការយល់ដឹងលើខ្លឹមសារនៃការងារស្រាវជ្រាវ ឯកសារបច្ចេកទេសពាក់ព័ន្ធ និងទស្សនៈច្បាប់នានា ដូចជាកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ និងនីតិវិធីរបស់ MRC តាមរយៈគេហទំព័រ បណ្ណាល័យសាស្រ្ត របស់ MRC និងបានពិភាក្សា និងឯកភាពការងារបន្តដល់ដំណាច់ឆ្នាំ២០១៥ រួមមានកិច្ចប្រជុំបច្ចេកទេសតាមប្រទេស និងកិច្ចប្រជុំរួមរវាងប្រទេសក្នុងការងាររៀបចំឯកសាររួមស្តីពី បញ្ហាគ្រប់គ្រងទឹកឆ្លងដែនសំខាន់ៗ ( Joint Paper on Significant Water Management Issues) រវាងប្រទេសកម្ពុជា-វៀតណាមសម្រាប់ដីសណ្ត តំបន់មេគង្គ តំបន់ទន្លេសេសាន-ស្រែពក រវាងកម្ពុជា-ឡាវ លើការគ្រប់គ្រងជលផលទន្លេមេគង្គ និងទន្លេសេកុង និងរវាងឡាវ-ថៃ លើការគ្រប់គ្រងអាងទន្លេណាំកាម-សេបាងហ៊ាម៕