Developed by Khmer Focus
កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តីពី ការ​ប្រើ​ប្រាស់​ទឹក​ក្នុង​លំ​នៅ​ដ្ឋាន និង​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម (ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៥)

(MRC-EP)

វៀងច័ន្ទ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​បច្ចេក​ទេស ថ្នាក់​តំបន់​ស្តី​ពី ការ​ប្រើ​ប្រាស់​ទឹក​ក្នុង​លំ​នៅ​ដ្ឋាន និង​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម នៃ​កម្ម​វិធី​បរិស្ថាន នៅ​លេខា​ធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ទី​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក និង​មន្ត្រី​​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២២រូប​។ ដោយ​ឡែក​​សមាស​ភាព​​ចូល​រួម​ពី​កម្ពុជា​មាន ០៤​រូប រួម​មាន​លោក តាំង សុចិត្រា អនុ​ប្រធាន​នាយក​ដ្ឋាន​ទឹក​ស្អាត នៃ​ក្រសួង​ឧស្សា​ហ​កម្ម និង​សិប្ប​កម្ម កញ្ញា ឈុន ម៉ូនីតា មន្រ្តី នៃ​នាយក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ទឹក នៃ​ក្រសួង​បរិស្ថាន លោក ស៊ុន សុខែ ទី​ប្រឹក្សា​បច្ចេក​ទេស​ថ្នាក់​ជាតិ និង​លោក ថៃ ពិសិដ្ឋ មន្រ្តី​​សម្រប​សម្រូល​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​បរិស្ថាន របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ៖ ១) បង្ហាញ​ពី​ប្រវត្តិ​សង្ខេប និង​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា (Council Study) ស្តី​ពី ការ​សិក្សា​អំ​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​អភិវឌ្ឍ​ក្នុង​អាង​ទន្លេ​មេគង្គ ២) ពិភាក្សា​លើ​បច្ចុប្បន្ន​ភាព នៃ​ដំណើរ​ការ​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ក្នុង​លំនៅ​ដ្ឋាន និង​ក្នុង​វិស័យ​ឧស្សា​ហកម្ម និង​៣) ពិភាក្សា​លើ​ការ​បង្កើត​សេណារីយ៉ូ និង​តម្រូវ​ការ​ទិន្នន័យ​ដែល​ត្រូវ​ប្រើ​ជា​ធាតុ​ចូល សម្រាប់​ការ​អភិវឌ្ឍ និង​កសាង​ផែន​ការ​សម្រាប់​ជំហ៊ាន​បន្ទាប់៕