(CNMC-AIP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបង្កើតសេណារីយ៉ូនៃការអភិវឌ្ឍន៍ បម្រែបម្រួលការប្រើប្រាស់ដីកសិកម្ម ក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារសុខាល័យអង្គរ ទីរួមខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២២រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងផ្តល់យោបល់៖ (១) ទៅលើនីតិវិធី និងវិធីសាស្រ្តនៃការបង្កើតសេណារីយ៉ូ (២) ការប្រមូលទិន្នន័យ និងគន្លឹះនៃការអភិវឌ្ឍន៍សេណារីយ៉ូ ក្នុងឆ្នាំ ២០០៧, ២០២០ និង ២០៤០ (៣) ធ្វើបច្ចុប្បន្នភាពលើការងាររបស់ជំនាញការថ្នាក់ជាតិពាក់ព័ន្ធផលប៉ះពាល់នៃការធ្វើអាជីវកម្មរ៉ែ និងបម្រែបម្រួលការប្រើប្រាស់ដីកសិកម្ម។
កិច្ចប្រជុំបានពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុលពាក់ព័ន្ធការប្រមូលទិន្នន័យ ការរៀបចំធ្វើសេណារីយ៉ូ ក្នុងឆ្នាំ ២០០៧, ២០២០ និង ២០៤០ ប៉ុន្តែសម្រាប់ការធ្វើសេណារីយ៉ូ រហូតទៅដល់ឆ្នាំ ២០៤០ នោះ គឺមានការលំបាកពាក់ព័ន្ធការប្រមូលទិន្នន័យ។ ការពិភាក្សាលើទិន្នន័យដែលត្រូវយកមកដំណើរការធ្វើសេណារីយ៉ូ ថាតើមានអ្វីខ្លះ ហើយត្រូវប្រមូលអ្វីខ្លះបន្ថែមទៀត ម្យ៉ាងវិញទៀតនៅក្នុងគម្រោងនេះមិនតម្រូវឱ្យមានការចុះប្រមូលទិន្នន័យតាមទីវាលទេ គឺប្រើប្រាស់ទិន្នន័យដែលមានស្រាប់ និងមានប្រភពច្បាស់លាស់។ អង្គប្រជុំបានចង្អុលបង្ហាញ ក៏ដូចជាការណែនាំទៅដល់ក្រុមជំនាញការថ្នាក់ជាតិ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់ខ្លួនអនុវត្តន៍ទៅដោយរលូន និងសម្រេចបាននូវលទ្ធផលដែលមានគុណភាព និងភាពជឿជាក់៕