(CNMC-NAP)
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងឯកសារ គម្រោងផែនការមេ ដឹកជញ្ជូនផ្លូវទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដែលដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៥រូប។
សិក្ខាសាលានេះមានគោលបំណង៖ (១) បង្ហាញ និងពិភាក្សាអំពី សេចក្តីព្រាងឯកសារគម្រោងផែនការមេ ក្នុងនោះមានផែនការសកម្មភាពសម្រាប់កម្ពុជា (២) ធ្វើចំណាត់ថ្នាក់សកម្មភាពជាអាទិភាព និង (៣) ពិភាក្សា និងបញ្ចប់ផែនការសកម្មភាព និងត្រៀមអនុសាសន៍សម្រាប់សិក្ខាសាលាថ្នាក់តំបន់។
សារៈសំខាន់នៃការរៀបចំការអភិវឌ្ឍលើវិស័យនាវាចរណ៍ នឹងជួយសម្រួលដល់ការមធ្យោបាយធ្វើដំណើរពាណិជ្ជកម្ម កាត់បន្ថយការកកស្ទះចរាចរ ការគ្រោះថ្នាក់ចរាចរ កាត់បន្ថយការបំពុលបរិស្ថាន និងជាមធ្យោបាយក្នុងការប្រើប្រាស់ផលពីធនធានធម្មជាតិ សេវាកម្មសង្គម និងសេវាកម្មផ្នែកសុខភាព ដែលនឹងមានសារៈសំខាន់ដល់ការវិនិយោគវិស័យដឹកជញ្ជូនផ្លូវទឹក ដើម្បីបង្កើតការរស់នៅឱ្យកាន់តែប្រសើរជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ និងការទាក់ទាញវិនិយោគិន និងឆ្លុះបញ្ចាំងអំពីសក្តានុពលពាណិជ្ជកម្មតំបន់។
តាមរយៈកម្មវិធីនាវាចរណ៍ គណៈកម្មការទន្លេមេគង្គបាននិងកំពុងសិក្សាគម្រោងផែនការមេ សម្រាប់ការដឹកជញ្ជូនផ្លូវទឹកក្នុងអាងទន្លេមេគង្គ ចាប់តាំងពីខែមករា ឆ្នាំ២០១៥ ក្នុងគោលបំណង រៀបចំកម្មវិធីអភិវឌ្ឍរយៈពេលវែងដែលនឹងស្តារ និងកែលំអបណ្តាញដឹកជញ្ជូនជាតិ និងអន្តរជាតិតាមដងទន្លេមេគង្គ នៅតាមបណ្តាប្រទេសជាសមាជិកមេគង្គ រហូតបានជាសេចក្តីព្រាងរបាយការណ៍ ដូចខាងក្រោម៖
- Inception Report
- Baseline Conditions Report
- Economic Assessment Report
- Waterway Design Report
- Fleet and Navigation Safety Report
- Port Development Report
- Socio-Environmental Report
- Legal Report
- Development Scenario Report
- Final Action and Investment Plan Report
អង្គសិក្ខាសាលាបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើទម្រង់ និងខ្លឹមសារនៃបទបង្ហាញ និងរបាយការណ៍ខាងលើ ព្រមទាំងកំណត់សកម្មភាពជាអាទិភាព សម្រាប់ការអនុវត្តនៅឆ្នាំខាងមុខ ដោយក្រសួង-ស្ថាប័ន។ សិក្ខាសាលាក៏បានស្នើឱ្យធ្វើសុខដុមកម្មជាមួយច្បាប់ជាតិដែលមានស្រាប់ ការគិតគូរអំពីការកសាងសមត្ថភាព និងវិស័យពាក់ព័ន្ធ ដូចជាធនធានទឹក បរិស្ថាន វារីអគ្គិសនី កសិកម្ម គ្រោះមហន្តរាយ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិធំៗ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងក្នុងតំបន់ក៏ជាបញ្ហាគន្លឹះដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដំណោះស្រាយលើផលប៉ះពាល់ឆ្លងដែន និងការកសាងផែនការអភិវឌ្ឍន៍រួមគ្នា៕