Developed by Khmer Focus
សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី ឧបករណ៍​វាយ​តម្លៃ​ដោយ​រហ័ស (RSAT) នៃ​និរន្តរ​ភាព​វារី​អគ្គិសនី (ថ្ងៃទី ២៧-៣១ ខែ​កក្កដា ឆ្នាំ២០១៥)

(CNMC-ISH)

ពោធិ៍សាត់៖ គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី ឧបករណ៍​វាយ​តម្លៃ​ដោយ​រហ័ស​នៃ​និរន្តរ​ភាព​វារី​អគ្គិ​សនី របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រីមក​ពី​ក្រសួង-​ស្ថាប័ន អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ និង​សហគមន៍​​ក្នុង​ខេត្ត​ពោធិ៍សាត់ មន្ត្រី​គណៈ​កម្មា​ធិការ​ជាតិ​​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​​កម្មការ​​ទន្លេ​​មេ​គង្គ សរុប​ចំនួន ៣០​រូប ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម តែ​ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទនេ្ល​មេ​គង្គ​កម្ពុជា និង​ឯកឧត្តម ពេជ ឌុន ទី​ប្រឹក្សា គណៈ​កម្មា​ធិការ​ជាតិ​ទនេ្ល​មេ​គង្គ​កម្ពុជា។

គោល​បំណង​នៃ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​នេះ​គឺ៖ ទី1- ធ្វើ​ការ​ពិភាក្សា និង​វាយ​តម្លៃ​លើ​និរន្តរ​ភាព​នៃ​វារី​អគ្គិ​សនី ក្នុង​អាង​ស្ទឹង​ពោធិ៍​សាត់ ដោយ​ប្រើ​ប្រ​ធាន​បទ RSAT ដែល​បាន​ជ្រើស​រើស ទី2- កំណត់​បញ្ហា​ជា​អាទិ​ភាព និង​សកម្មភាព​ក្នុង​អាង​ដែល​អាច​អនុវត្តន៍ ដើម្បី​បង្កើន​នូវ​និរន្តរ​ភាព ទី3- កំណត់​តម្រូវ​ការ​កសាង​សមត្ថភាព និង​បណ្តុះ​បណ្តាល​សម្រាប់​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗក្នុង​អាង​ស្ទឹង​ពោធិ៍​សាត់ និង​ទី4- ប្រមូល​មតិ យោបល់ និង​វាយ​តម្លៃ​លើ​ឧបករណ៍ RSAT និង​ការ​អនុវត្តន៍​របស់​វា ក្នុង​វិស័យ​វារី​អគ្គិ​សនី​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​នៃ​សិក្ខា​សា​លា​រយៈ​ពេល ៥​ថ្ងៃ​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា សិក្ខា​កាម​ទាំង​អស់​នឹង​ទៅ​ទស្សន​កិច្ច​សិក្សា​ ពិនិត្យ​មើល​ទិដ្ឋភាព​រូប​សាស្ត្រ​នៃ​ទំនប់​អាង​ស្ទឹង​ពោធិ៍​សាត់​ ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​បរិស្ថាន សង្គម របប​ជល​សាស្ត្រ ប្រព័ន្ធ​ស្រោច​ស្រព និង​លទ្ធ​ភាព​ផលិត​វារី​អគ្គិ​សនី​ខ្នាត​តូច​នៅ​ស្ទឹង​ពោធិ៍​សាត់​នេះ​ផង​ដែរ៕