Developed by Khmer Focus
សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ស្តី​ពី លទ្ធ​ផល​ស្រាវ​ជ្រាវ​បឋម នៃ​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល​ឆ្លង​ដែន នៃ​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង​នៅ​កម្ពុជា (ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៦)

(CNMC-MIWRM)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​គណៈ​អធិបតី និង​ថ្លែង​ស្វាគមន៍ អង្គ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ស្តី​ពី លទ្ធ​ផល​ស្រាវ​ជ្រាវ​បឋម នៃ​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល​ឆ្លង​ដែន​រវាង​កម្ពុជា-​ឡាវ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន ៤០រូប ជា​មន្រ្តី​រដ្ឋ​បាល​ជល​ផល មន្រ្តី​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល។

ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល បាន​ជម្រាប​ជូន​នូវ​ការ​វិវត្ត​សំខាន់ៗ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ដែល (CNMC) បាន​និង​កំពុង​សម្រប​សម្រួល​ការ​ងារ​ក្នុង​ក្រប​ខ័ណ្ឌ MRC ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ និង​បណ្តា​នីតិ​វិធី​របស់ MRC វិធី​សាស្រ្ត​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ គោល​បំណង និង​សារ​សំខាន់​នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​នៅ​ថ្នាក់​តំបន់ ថ្នាក់​ឆ្លង​ដែន និង​ថ្នាក់​ជាតិ។

អង្គសិក្ខា​សា​លា​បាន​ស្វែង​យល់​អំ​ពី​លទ្ធ​ផល​បឋម​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ នៅ​ទី​តាំង​គម្រោង​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ ដែល​បាន​រក​ឃើញ និង​កំណត់​នូវ​បញ្ហា​នៃ​ការ​គ្រប់​គ្រង​ជល​ផល​ក្នុង​ប្រទេស និង​ឆ្លង​ដែន ភាព​ប្រឈម​នានា និង​សំណើ​អនុសាសន៍​ដើម្បី​ដោះ​ស្រាយ​រួម​ក្នុង​ការ​ងារ​សម្រប​សម្រួល និង​គ្រប់​គ្រង​រវាង​វិស័យ​ជល​ផល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ឡាវ។ អង្គ​សិក្ខា​សា​លា​បាន​ពិនិត្យ និង​ផ្តល់​យោបល់​ផ្នែក​បច្ចេក​ទេស​យ៉ាង​ក្បោះ​ក្បាយ​លើ​របាយ​ការណ៍ និង​បាន​កត់​សម្គាល់​នូវ​តម្រូវ​ការ​បន្ថែម​នៃ​ទិន្នន័យ និង​ព័ត៌មាន ការ​បក​ស្រាយ​ពន្យល់​កាន់​តែ​ច្បាស់ ការ​កំណត់​អាទិភាព​នៃ​បញ្ហា ភាព​ប្រឈម​នានា និង​សំណើ​ដំណោះ​ស្រាយ នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ដោយ​មន្រ្តី​នៃ​បណ្តា​នាយក​ដ្ឋាន​នានា​ផ្ទាល់​របស់​រដ្ឋ​បាល​ជល​ផល៕