Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី គម្រោង​រួម​សម្រាប់​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ឆ្នាំ ២០១៦-​២០២០ (ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦)

(MRC-BDP)

បាងកក៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី គម្រោង​រួម​សម្រាប់​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ (National Indicative Plan) ឆ្នាំ ២០១៦-​២០២០ របស់​ប្រទេស​ជា​សមាជិក នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ការ​ងារ​បច្ចេក​ទេស​តំណាង​ប្រទេស​ជា​សមាជិក កម្ពុជា ឡាវ ថៃ និង​វៀត​ណាម មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC តំណាង​ដៃ​គូ​អភិវឌ្ឍន៍ និង​ជំនាញ​ការ​អន្តរ​ជាតិ សរុប​ចំនួន ២៤រូប។ មន្រ្តី​កម្ពុជា​មាន​ចំនួន ០៤រូប មក​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ចំនួន ០២រូប ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយមចំនួន ០១រូប និង​ជំនាញ​ការ​ជាតិ​ចំនួន ០១រូប ។

អង្គ​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បាន​ពិនិត្យ​ឡើង​វិញ​ពី ការ​វិវត្តិ​រីក​ចម្រើន​នៃ​ការ​រៀប​ចំ NIP និង​ការ​ផ្តល់​មតិ​ណែនាំ​របស់​ក្រុម​ការ​ងារ​ថ្នាក់​តំបន់ ជុំវិញ​សេចក្តី​ព្រាង​ឯកសារ​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ។ បាន​ស្តាប់​បទ​បង្ហាញ​អំ​ពី​គម្រោង​រួម​រវាង​ប្រទេស និង​ប្រទេស ជា​មួយ​នឹង​ការ​ពន្យល់​អំពី​ទស្សន​ទាន​នៃ​ការ​លើក​សំណើ​គម្រោង​នីមួយៗ​របស់​ប្រទេស​នីមួយៗ។

លទ្ធផល​សំខាន់​នៃ​អង្គ​ប្រជុំគឺ បាន​ឯក​ភាព​កែ​សម្រួល​ឈ្មោះ​គម្រោង​រួម បាន​ដាក់​បញ្ជូល​បន្ថែម​ទស្សនៈ​យោបល់​របស់​អង្គ​ប្រជុំ ក្នុង​នោះ​រួម​មាន (១) កម្ពុជា-​វៀតណាម សម្រាប់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​តំបន់​ដី​សណ្ត​មេគង្គ និង​តំបន់​ទន្លេ​សេសាន-​ស្រែពក (២) កម្ពុជា-​ឡាវ សម្រាប់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​តំបន់​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ (៣) កម្ពុជា-​ថៃ សម្រាប់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​តំបន់​ខេត្ត​បន្ទាយ​មាន​ជ័យ-​ខេត្ត​ស្រះ​កែវ និង (៤) ឡាវ-​ថៃ សម្រាប់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន​តំបន់​ទន្លេ​មេ ពិនិត្យ​តាម​ដាន​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី និង​នាវាចរណ៍​ពី​លួង​ប្រា​បាង​មក​ល្បាក់​ទឹក​ខោន និង (៥) កម្ពុជា-​ឡាវ-​វៀតណាម ការ​គ្រប់​គ្រង​អភិវឌ្ឍន៍​អាង​ទន្លេ​សេកុង-​សេសាន-​ស្រែពក។ បាន​ឯកភាព ប្រទេស​ជា​សមាជិក​ត្រូវ​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ឯកសារ NIP មុន​លើក​សំណើ​មក​លេខា​ធិការ​ដ្ឋាន MRC។ បាន​ឯកភាព​ថា ប្រទេស​ជា​សមាជិក នឹង​បញ្ចប់​សេចក្តី​ព្រាង​ឯកសារ NIP រួច​បញ្ជូន​មក​ក្រុម​ការ​ងារ​ថ្នាក់​តំបន់​នា​សប្តាហ៍​ទី២ ខាង​មុខ៕