Developed by Khmer Focus
កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦)

(MRC-CS)

វៀងច័ន្ទ៖ តំណាង​ក្រុម​ការ​ងារ របស់​ប្រទេស​ជា​សមាជិក គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC ប្រចាំ​ទី​ក្រុង​វៀងច័ន្ទ និង​ទីក្រុង​ភ្នំពេញ និង​ជំនាញ​ការ​អន្តរ​ជាតិ ដែល​មាន​ចំនួន ២៧រូប បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ថ្នាក់​តំបន់​ស្តី​ពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា MRC (Council Study) លើ​ការ​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព នៃ​ទន្លេ​មេគង្គ រួម​ទាំង​ផល​ប៉ះពាល់ បណ្តាល​មក​ពី​ការ​អភិវឌ្ឍ​វារី​អគ្គិសនី ក្នុង​អាង​ទន្លេ​មេគង្គ នៅ​លេខា​ធិការ​ដ្ឋាន MRC ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។

កិច្ចប្រជុំបាន​ដំណើរ​ការ ដោយ​បាន​ស្តាប់​បទ​បង្ហាញ​ពី​ការ​វិវត្ត​រីក​ចម្រើន និង​អំពី​លទ្ធ​ផល​នៃ​ការ​សិក្សា និង​បាន​ពិភាក្សា​ពី​ផែន​ការ​សម្រាប់​បន្ត​ការ​សិក្សា Council Study សម្រាប់​តំណាក់​កាល​ទី២ និង​ពិនិត្យ​លើ​ការ​វិវត្ត​នៃ​ការ​សិក្សា និង​ការ​វិភាគ​លើ​វិស័យ​ពាក់ព័ន្ធ​ក្នុង​ពេល​កន្លង​មក។

លទ្ធផលនៃកិច្ចប្រជុំ

  • អង្គប្រជុំ​បាន​វាយ​តម្លៃ​អំ​ពី ការ​ខិត​ខំ​ធ្វើ​ការ​ងារ​រួម​គ្នា រវាង​ក្រុម​ការ​ងារ​សិក្សា ដែល​មាន​ជំនាញ​ការ​អន្តរ​ជាតិ ជំនាញ​ការ​ជាតិ និង​ជា​មួយ​ប្រទេស​ជា​សមាជិក តាម​ផ្នែក​សំខាន់ៗ តាម​រយៈ​របាយ​ការណ៍​បណ្តោះ​អាសន្ត
  • អង្គប្រជុំ​បាន​ឯក​ភាព​លើ​បញ្ហា​ប្រឈម ចំពោះ​ការ​ខ្វះ​ខាត​ថវិកា​សម្រាប់​ឆ្នាំ​បន្ត ហើយ​បាន​អនុម័ត​ជម្រើស​ថ្មី ដែល​តម្រូវ​ធ្វើ​ការ​កែ​លំអ​នូវ​ទំហំ​ការ​សិក្សា កាត់​បន្ថយ​សកម្ម​ភាព​មួយ​ចំនួន និង​ការ​ជ្រើស​រើស​ជំនាញ​ការ​ជាតិ ជំនួស​ជំនាញ​ការ​អន្តរ​ជាតិ
  • អង្គប្រជុំ​បាន​ឯក​ភាព​ជា​គោល​ការណ៍ លើ​សមាស​ភាព​ក្រុម​ការ​ងារ​ថ្មី ដែល​នឹង​មាន​ការ​ជ្រើស​រើស និង​ចែង​ភារ​កិច្ច​ច្បាស់​លាស់
  • អង្គប្រជុំ​បាន​កត់​សម្គាល់​នៃ​តម្រូវ​ការ​រួម​មាន​ចំណេះ​ដឹង-​ជំនាញ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​សមត្ថភាព លើ​ការ​សិក្សា​នេះ សម្រាប់​ប្រទស​ជា​សមាជិក ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​ខក​ខានដោយ​កង្វះ​ខាត​ថវិកា
  • អង្គប្រជុំ​បាន​ស្នើ​សុំ​ប្រទេស​ជា​សមាជិក ពិនិត្យ​ផ្តល់​យោបល់​លើ​ឯក​សារ​របាយ​ការណ៍​សិក្សា តាម​រយៈ​ដំណើរ​ការ​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​ជាតិ​បាន​ឆាប់​រហ័ស
  • អង្គប្រជុំ​បាន​វាយ​តម្លៃ​អំ​ពី​សារ​សំខាន់ និង​ផល​ប្រយោជន៍​នៃ​ការ​រៀប​ចំ​របាយ​ការណ៍ វាយ​តម្លៃសេណារីយ៉​អភិវឌ្ឍន៍ ដែល​បន្ត​ពី​ផែន​ការ​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ក្នុង​ឆ្នាំ២០១៤ កន្លង​មក ដែល​នឹង​បន្ត​រៀប​ចំ​បន្ថែម​ជា​មួយ​ក្រប​ខ័ណ្ឌ​វាយ​តម្លៃ​សេដ្ឋកិច្ច-​សង្គម និង​បរិស្ថាន ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​បច្ចេក​ទេស​បណ្តោះ​អាសន្ន តាម​ប្រធាន​បទ​ពាក់ព័ន្ធ រួម​មាន វិស័យ​វារី​អគ្គិសនី ធារា​សាស្ត្រ ការ​ការ​ពារ​ទឹក​ជំនន់ និង​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​ដើម ក្នុង​តំបន់​ទន្លេ​មេគង្គ

អង្គប្រជុំ​បាន​ពិនិត្យ និង​ឯក​ភាព​ជា​រួម លើ​សំណើ​ផែន​ការ​សិក្សា ជា​មួយ​ថវិកា​សម្រាប់​តំណាក់​កាល​ទី២ នៃ​ការ​សិក្សា ការ​រៀប​ចំ​កិច្ច​ប្រជុំ​ការ​ងារ​ជំនាញ ដោយ​ប្រើ​ប្រាស់​ថវិកា​មាន​ស្រាប់ និង​ថវិកា​ដែល​ដៃ​គូ​អភិវឌ្ឍន៍​រំពឹង​ផ្តល់ (ប៉ុន្តែ​នៅ​តែ​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា) ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០១៧ ខាង​មុខ៕