Developed by Khmer Focus
កិច្ច​ប្រជុំ​រួម​រវាង​ក្រុម​ការ​ងារ​កម្ពុជា-​ថៃ ស្តី​ពី គម្រោង​សហ​ប្រតិបត្តិការ​លើ​ការ​គ្រប់​គ្រង​បឹង​ទន្លេ​សាប នៃ​ប្រទេស​កម្ពុជា និង​អាង​បឹង​សុងក្លា នៃ​ប្រទេស​ថៃ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦)

បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង និង​ជា​មន្រ្តី​បង្គោល​ថ្នាក់​ជាតិ នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម ហ៊ែល តូនី អគ្គ​លេខាធិការ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​អនុវត្តន៍​គម្រោង នៃ​អាជ្ញាធរ​ទន្លេសាប និង​មន្រ្តី​ថ្នាក់​នាយកដ្ឋាន នៃ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​អគ្គលេខាធិការ​ដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​ជំនាញ​ការ​ជាតិ សរុប​ចំនួន ០៧រូប បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រួម​រវាង ក្រុម​ការ​ងារ​កម្ពុជា-​ថៃ ស្តីពី គម្រោង​សហប្រតិបត្តិការលើការគ្រប់គ្រងបឹងទន្លេសាបនៃប្រទេសកម្ពុជា និងអាងបឹងសុងក្លានៃប្រទេសថៃ នៅក្រុងបាងកក ប្រទេសថៃ។ សិក្ខាកាមដែលជាមន្រ្តីសមាជិកក្រុមការងារ កម្ពុជា -ថៃ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គសរុប ១៩រូប បានចូលរួម។ 

កិច្ចប្រជុំប្រព្រឹត្តទៅដោយបាន៖

  • ពិនិត្យលើបណ្តាសកម្មភាពដែលប្រទេសបានអនុវត្តន៍កន្លងមក និងពិនិត្យសកម្មភាពសម្រាប់ចុងឆ្នាំ ២០០១៦
  • ពិនិត្យ និងពិភាក្សាលើផែនការអនុវត្តន៍គម្រោង ឆ្នាំ២០១៦-២០១៧ ដោយពិចារណាច្បាស់លាស់អំពីសកម្មភាពដែលត្រូវអនុវត្តន៍ ដែលត្រូវកំណត់ចូលក្នុងចំណាត់ថ្នាក់សកម្មភាបតាមប្រទេសដោយឡែក សកម្មភាពរួមគ្នានៃប្រទេសទាំងពីរ និងសកម្មភាពក្រុមលេខាធិការដ្ឋាន MRC
  • ពិនិត្យលើសំណើឯកសារគោលគំនិតសម្រាប់ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញ សម្រាប់មន្រ្តីបង្គោលទទួលបន្ទុកទំនាក់ទំនង ការចុះផ្សាយព័ត៌មាន ការថតរូប និងវីដេអូ និងការសរសេរអត្ថបទចុះផ្សាយព័ត៌មាន
  • ពិភាក្សា និងចែករំលែកបទពិសោទ ចំណេះដឹង និងលទ្ធផលនៃការអនុវត្តគម្រោងរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំសម្រេចបានលទ្ធផល នៃអង្គប្រជុំ រួមមាន៖

  • បានឯកភាពជម្រុញល្បឿនអនុវត្តន៍សកម្មភាពតាមផែនការរបស់ខ្លួន បានកាន់តែលឿន ហើយបានស្នើសុំក្រុមការងារលេខាធិការដ្ឋាន MRC ជួយពន្លឿនការពិនិត្យ និងឯកភាពលើសំណើពីប្រទេសបានឆាប់រហ័ស ក្នុងនោះសំណើជ្រើសរើសជំនាញការ សំណើថវិកាទិញសម្ភារៈ ការចំណាយអនុវត្តន៍សកម្មភាព និងការបង់ថ្លៃសេវាជំនាញការជាដើម
  • បានឯកភាពសំណើកែសម្រួលផែនការអនុវត្តន៍គម្រោង ការដាក់បញ្ចូលបណ្តាសកម្មភាពជាចង្កោមដែលទទួលខុសត្រូវដោយប្រទេស ចូលរួមទទទួលខុសត្រូវអនុវត្តន៍រួមគ្នា និងចូលរួមអនុវត្តន៍ដោយក្រុមការងារថ្នាក់តំបន់
  • បានឯកភាពជម្រុញ និងពន្លឿនការអនុវត្តក្នុងប្រទេស សកម្មភាពរួម ដែលគោដៅបញ្ចប់គម្រោងក្នុងដំណាច់ឆ្នាំ ២០១៧
  • បានឯកភាពសំណើរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញព័ត៌មាន ដែលនឹងកំណត់មន្រ្តី ៣រូប ទទួលបន្ទុកការប្រាស្រ័យទាក់ទង និងព័ត៌មាននៃគម្រោង រួចបញ្ជូនទៅលេខាធិការដ្ឋាន MRC
  • បានឯកភាព ការងារជំនាញការសម្រាប់ដំណើរការអនុវត្តន៍សកម្មភាពគំរូ សម្រាប់ទីតាំងជ្រើសរើសនៃសហគមន៍ កិច្ចការគ្រប់គ្រងបឹង ទាក់ទងវិស័យ៣ជាគន្លឹះ(១) ជលផល (២) ការលើកកំពស់អំណាចស្រ្តី និង (៣) ការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសនីមួយៗ ដែលនឹងចងក្រងបានជារបាយការណ៍ល្អមួយ ដើម្បីចែករំលែករវាងប្រទេសទាំងពីរ និងក្នុងកម្រិតជាតិ និងតំបន់
  • បានឯកភាពថា ប្រទេសនីមួយៗ និងបញ្ជូនរាយនាមផលិតផលនៃគម្រោង ដែលរំពឹងសម្រេចបាន ដោយបញ្ជូនទៅលេខាធិការដ្ឋានមុនថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០១៦៕