បាត់ដំបង៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប ជាគណៈអធិបតី សហប្រធាន ដឹកនាំអង្គសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី ការបង្កើត ពង្រឹង និងគ្រប់គ្រងសហគមន៍ ក្នុងបរិបទ ការគ្រប់គ្រងធនធានទឹកចម្រុះ។ សិក្ខាកាមចូលរួមមានចំនួន ៣១រូប ជាមន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីអាជ្ញាធរទន្លេសាប ជំនាញការជាតិ សហគមន៍រហាលសួងស្តីក្រោម មេឃុំព្រែកលួង អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង។
សិក្ខាសាលានេះ គឺជាសកម្មភាពរបស់គម្រោងគ្រប់គ្រងអាងទន្លេសាប និងទន្លេសុងក្លារវាងកម្ពុជា និងថៃ របស់គណៈកម្មការទន្លេមេគង្គ ក្រោមជំនួយរបស់ធនាគារពិភពលោក ដែលបានជ្រើសយកសហគមន៍រហាលសួងស្តីក្រោម ជាគំរូសម្រាប់ចែករំលែកការយល់ដឹងក្នុងបរិបទ គ្រប់គ្រងធនធានជលផល សិទ្ធិអំណាចនៃសហគមន៍ និងការបន្ស៊ាំ និងភាពអំណត់ធន់នឹងការប្រែប្រួលអាកាសធាតុ។
-
អង្គសិក្ខាសាលាបានដំណើរការ និងសម្រេចលទ្ធផលរួមមាន៖
ផ្តល់ជូននូវចំណេះដឹងដល់សិក្ខាកាមអំពីមូលដ្ឋានគ្រឹះនៃការកសាងសមត្ថភាពសហគមន៍ ផ្អែកលើគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ និងទស្សននិរន្តរភាពសហគមន៍ - ពិភាក្សាអំពីតម្រូវការជាក់ស្តែង និងយុទ្ធសាស្រ្តរបស់សហគមន៍ និងភាពប្រឈមនានាដែលសហគមន៍ជួបប្រទះ និងបទពិសោធន៍នានា និង
- ពិភាក្សាកំណត់ដំណោះស្រាយតាមរយៈសំណើអន្តរាគមន៍ដែលស្នើឡើងដោយសហគមន៍ដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងសហគមន៍៕