Developed by Khmer Focus
សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី៣ ស្តីពី​ការ​កសាង​ផែន​ការ​សកម្ម​ភាព និង​យុទ្ធ​សាស្ត្រ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​តំបន់​មេគង្គ (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សា​លា ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី៣ ស្តីពី​ការ​កសាង​ផែន​ការ​សកម្មភាព និង​យុទ្ធ​សាស្ត្រ បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​តំ​បន់​មេគង្គ ដែល​រៀប​ចំ​ឡើង​ដោយ​​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ខេត្ត​សៀមរាប។​ សិក្ខា​សាលាពិគ្រោះយោបល់នេះ ចូលរួមដោយមន្ត្រីពាក់ព័ន្ធពីបណ្តាប្រទេសជាសមាជិកមេគង្គទាំង០៤ រួមមានៈ កម្ពុជា ឡាវ ថៃ និង វៀតណាម និងបុគ្គលិកលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៥រូប។​ សមាជិក ចូលរួមពីកម្ពុជាមានចំនួន ០៥រូប មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់គឺដើម្បី៖

  1. ជម្រាបជូន ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ ស្តីពីការពិនិត្យលើ គោលនយោបាយបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់អាងទន្លេមេគង្គប៉ែកខាងក្រោម
  2. ជម្រាបជូនអំពីសេចក្តីព្រាងទី១ នៃឯកសារស្តីពីផែនការសកម្មភាព និងយុទ្ធសាស្ត្រ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មេគង្គក្រោម ព្រមទាំងផែនការពិគ្រោះយោ  បល់សម្រាប់ការបញ្ចប់នូវផែនការសកម្មភាព និងយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុក្នុងតំបន់មេគង្គក្រោមនេះ និង
  3. ពិភាក្សាលើដំណើរការ និងវិធានការសម្រាប់ការកសាងគម្រោងបន្ស៊ាំឆ្លងដែន និង កំណត់យន្តការហិរញ្ញវត្ថុ សម្រាប់គម្រោងនេះ៕