Developed by Khmer Focus
កិច្ចប្រជុំ​ស្តីពីការ​ពង្រឹង​ការ​ចូល​រួម​របស់​អ្នក​ពាក់ព័ន្ធ​សម្រាប់​ការ​គ្រប់គ្រង​បឹងទន្លេ​សាប (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧)

ពោធិសាត់៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​មួយ​លោក ស៊ិន វិសិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ជា​គណៈ​អធិបតីដឹកនាំ និង​សម្រប​សម្រួល​កិច្ច​ប្រជុំ​ស្តីពី ការ​ពង្រឹង​ការ​ចូល​រួម​របស់​អ្នក​ពាក់ព័ន្ធ​សម្រាប់​ការ​គ្រប់គ្រង​បឹងទន្លេសាប ដែល​សហការ​រៀបចំ​ដោយ​អាជ្ញាធរទន្លេសាប និង​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីរួមខេត្តពោធិសាត់។

មានអ្នកចូលរួមចំនួន ២៥រូប ជាមន្រ្តីក្រុមការងារគម្រោងអាជ្ញាធរទន្លេសាប មន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីមន្ទីរពាក់ព័ន្ធនៃខេត្តជុំវិញទន្លេសាប និងតំណាងសហគមន៍នេសាទ។

កិច្ចប្រជុំបានជម្រាបជូនអ្នកចូលរួមនូវខ្លឹមសារសង្ខេបអំពីប្រវត្តិសាវតាគម្រោងសហប្រតិបត្តិការកម្ពុជា-ថៃស្តីពី ការគ្រប់គ្រងអាងទន្លេសាប និងទន្លេសុងក្លា ដំណើរការអនុវត្ត និងលទ្ធផលទទួលបានកន្លងមក។ កិច្ចប្រជុំបានផ្តល់ជូនបទឧទ្ទេសនាមស្តីពី បញ្ហាគ្រប់គ្រងទឹកឆ្លងដែននៅកម្រិតតំបន់ និងក្រោមជាតិ  និងទស្សននៃការគ្រប់គ្រងធនធានទឹកចម្រុះ និងការអនុវត្តសម្រាប់ការគ្រប់គ្រងអាងទន្លេ។

ជាលទ្ធផលផ្សារភ្ជាប់នឹងការយល់ដឹងលើប្រធានបទនៃបទឧទ្ទេសនាម អង្គប្រជុំបានជ្រើសរើសប្រធានបទ៣ មកពិភាក្សា៖ (១) ការគ្រប់គ្រងជលផល តាមរយៈសហគមន៍ (២) ការពង្រឹងអភិបាលកិច្ចរបស់សហគមន៍ និង (៣) ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្រិតសហគមន៍។ លទ្ធផលនៃកិច្ចប្រជុំ និងលទ្ធផលពិភាក្សា នឹងត្រូវបានរៀបចំដោយជំនាញការជាតិ ជារបាយការណ៍នៃកិច្ចប្រជុំ និងសម្រាប់ចែករំលែកជាមួយក្រុមការងារទន្លេសុងក្លា ខាងភាគីថៃ នាពេលកិច្ចប្រជុំរួម៕