Developed by Khmer Focus
សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី ការ​ចាប់​ផ្តើម​អនុវត្តសមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ (ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តីពី ការ​ចាប់​ផ្តើម​អនុវត្ត​សមាស​ភាគទី២ នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាលទី៣ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប ដោយ​មាន​សមាស​ភាព​ចូល​រួម​ចំនួន ៤០រូប រួម​មាន មន្រ្តី​ក្រុម​ការ​ងារ​អនុវត្ត​គម្រោងរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាយកដ្ឋានជលសាស្ត្រ​ និងការងារទន្លេ នាយកដ្ឋានឧតុនិយម​ នាយកដ្ឋានអភិរក្ស និងគ្រប់គ្រងធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីជំនាញមកពីមន្ទីរធនធានទឹក និងឧតុនិយម​ នៃខេត្តក្រចេះ ស្ទឹងត្រែង​ រតនគិរី​ និងខេត្តមណ្ឌលគីរី ព្រមទាំងមានការចូលរួមពី
មន្ត្រីតំណាងរដ្ឋបាលជលផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក.

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះគឺ ទី១-​ ជម្រាបជូនពីការចាប់ផ្តើមដំណើរការអនុវត្តជាផ្លូវការគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ទី២- ពិភាក្សាផ្នែកបច្ចេកទេសអំពីគម្រោងគ្រប់គ្រងធនធានទឹក ឧតុនិយម បញ្ហាឆ្លងដែន និងការគ្រប់គ្រងទន្លេនៅភូមភាគឦសាននៃប្រទេសកម្ពុជា​ និង ទី៣- ការចែករំលែក និងពិភាក្សាអំពីគោលបំណង វិសាលភាពនៃការងារទទួលខុសត្រូវ ការកសាងសមត្ថភាព និងការផ្ទេរជំនាញពីក្រុមប្រឹក្សាបច្ចេកទេស នៃសមាសភាគទី២ នៃគម្រោងនេះ៕