វៀងច័ន្ទ៖ មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី វឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០១៧ សម្រាប់អង្គភាពគាំទ្របចេ្ចកទេសនៃគណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះជាកិច្ចប្រជុំលើកទី១ នៃអង្គភាពគាំទ្របច្ចេកទេសឆ្នាំ២០១៧ ដោយផ្តោតលើ (១) ការគ្រប់គ្រងភាពរាំងស្ងួត (២) ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ (៣) នាវាចរណ៍ (៤) ម៉ូដែល (៥) ការពិនិត្យតាមដានអាកាសធាតុ និងទឹក (៦) ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងរូបភាពពីលំហរ និង(៧) ប្រព័ន្ធព័ត៌មាននៅ MRC និង CNMC។
កិច្ចប្រជុំមានគោលបំណង៖
‑ បង្ហាញពីវឌ្ឍនភាពការងារអនុវត្តន៍គម្រោងឆ្នាំ២០១៥-២០១៦
‑ ពិនិត្យលើផែនការការងារប្រចាំឆ្នាំ២០១៧
‑ ពិភាក្សាលើថវិកាប្រើប្រាស់សម្រាប់សកម្មភាពឆ្នាំ២០១៧ និងនីតិវិធីក្នុងការសម្រេចលទ្ធផលការងារឆ្នាំ២០១៧
‑ ពិនិត្យលើស្ថានភាពស្ថានីយជលសាស្រ្ត-ឧតុនិយម និងផែនការអនាគត។
អង្គប្រជុំបានពិនិត្យ និងឯកភាពជាគោលការណ៍លើផែនការសកម្មភាព និងការប្រើប្រាស់ថវិកាសម្រាប់ឆ្នាំ២០១៧ និងនីតិវិធីអនុវត្តន៍ការងារ។ ការងារមួយចំនួនដូចជា ការប្រគល់‑ទទួលឧបករណ៍សម្រាប់ស្ថានីយពិនិត្យតាមដានភាពរាំងស្ងួត ផែនការវិមជ្ឈការ ទិន្នន័យធារទឹក និងកំណកកករ នឹងត្រូវមានការពិភាក្សាជាបន្តទៀតជាមួយប្រទេស និងស្របតាមការណែនាំពីថ្នាក់ដឹកនាំគណៈកម្មការទន្លេមេគង្គ៕