ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានទទួលជួបពិភាក្សាកាងារជាមួយមន្រ្តីក្រុមបេសកកម្ម ធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Eillen Burke ប្រធានក្រុមការងារ និងអមដំណើរដោយមន្រ្តីធនាគារពិភពលោក ចំនួន ៧រូប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សម្រាប់គាំទ្រដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ តំណាក់កាលទី៣ នៅកម្ពុជា។
ឯកឧត្ត វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសមាសភាគ២ និងលោក ឆេង ផែន ជាប្រធានស្តីទីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល និងជាប្រធានគ្រប់គ្រងសមាសភាគ១ បានសហការដឹកនាំដំណើរការជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីមន្រ្តីរដ្ឋបាលជលផល ដែលសរុបមានចំនួន ១៨រូប។
ដំណើរការនៃកិច្ចប្រជុំបានពិភាក្សាលើរបាយការណ៍ពីការវិវត្តរីកចម្រើននៃការអនុវត្តការងាររបស់សមាសភាគគម្រោងនីមួយៗលើកិច្ចការរដ្ឋបាល ការងារគ្រប់គ្រងគម្រោង ការងារលទ្ធកម្ម និងការងារគ្រប់គ្រងហិរញ្ញវត្ថុ។
ចំពោះសមាសភាគ២ ដែលដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងឯកសារចំនួន ៥រួមមាន៖
(១) លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនបច្ចេកទេស សម្រាប់គម្រោងគ្រប់គ្រងធនធានទឹក
(២) ឯកសារសំណើចំណាប់អារម្មណ៍នៃក្រុមហ៊ុន សម្រាប់ដាក់ពាក្យចូលរួមដេញថ្លៃអនុវត្តន៍គម្រោង
(៣) លក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនបច្ចេកទេស eWater ជាទីប្រឹក្សាតាមដាន និងវាយតម្លៃក្រុមហ៊ុនបច្ចេកទេស អនុវត្តន៍គម្រោងគ្រប់គ្រងធនធានទឹក
(៤) លក្ខខណ្ឌការងារសម្រាប់ជំនាញការក្នុងស្រុក លើការសិក្សា និងវាយតម្លៃស្ថានភាពបណ្តាញជលសាស្រ្ត និងឧតុនិយម ដែលពាក់ព័ន្ធនឹងតំបន់អនុគម្រោង
(៥) ឯកសារសំណើចំណាប់អារម្មណ៍សុំដាក់ពាក្យរបស់ជំនាញការជាតិ សម្រាប់ការសិក្សា និងវាយតម្លៃស្ថានភាពបណ្តាញជលសាស្រ្ត និងឧតុនិយម ដែលពាក់ព័ន្ធនឹងតំបន់អនុគម្រោង៕