សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ដំណើរការពិគ្រោះយោបល់ជាមុនលើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ នៅខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងពាក់ព័ន្ធ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីតំណាងសាលាខេត្ត និងមន្ត្រីតំណាងមន្ទីរពាក់ព័ន្ធ សរុបចំនួន ២៨រូប។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា លើរបាយការណ៍វាយតម្លៃបច្ចេកទេសលើឯកសារសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ រួមនឹងទស្សនៈយោបល់ដែលរៀបចំដោយជំនាញការជាតិកម្ពុជា សម្រាប់ការរៀបចំទម្រង់ឆ្លើយតបទៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គវិញ ក្នុងខែឧសភា ឆ្នាំ២០១៧៕