វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូអន្តរក្រសួង ដែលមានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី២ ស្ដីពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ប្រទេសឡាវ ដែលបានរៀបចំ ឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
វេទិកានេះមានគោលបំណង (i)- ចែករំលែកជូនដល់អ្នកពាក់ព័ន្ធនូវលទ្ធផលនៃវេទិកាលើកទី១ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហ្លូងប្រាបាង ប្រទេសឡាវ (ii)- ជម្រាបជូនអំពីលទ្ធផលបឋម នៃការវាយតម្លៃបច្ចេកទេស លើឯកសារគម្រោងវារីអគ្គិសនី ប៉ាក់បេង ដែលបានធ្វើឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (iii)- ប្រមូលនូវទស្សនៈ និងយោបល់នានាពីអ្នកពាក់ព័ន្ធលើលទ្ធផលនៃការវាយតម្លៃបច្ចេកទេស ដើម្បីរៀបចំបញ្ចប់នូវរបាយការណ៍វាយតម្លៃបច្ចេកទេស (Technical Review Report) សម្រាប់ការប្រើប្រាស់ជាមូលដ្ឋានព័ត៌មាន ដោយគណៈកម្មាធិការរួមសម្រាប់វិនិច្ឆ័យលើលទ្ធផលនៃដំណើរការពិគ្រោះយោបល់របស់គម្រោង ប៉ាក់បេង ដែលបានដំណើរការក្នុងរយះពេល ៦ខែ ដោយបានចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និង (iv)- ចែករំលែកនូវព័ត៌មានស្ដីពីការងារបន្តក្រោយកិច្ចពិគ្រោះយោបល់៕