ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង បានចូលរួមសម្របសម្រួល និងសហការដឹកនាំកិច្ចប្រជុំរវាងក្រុមជំនាញការអន្តរជាតិ មកពីគណៈកម្មការទន្លេមេគង្គ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំក្រសួង ដោយមានការអញ្ជើញចូលរួម និងដឹកនាំដោយឯកឧត្តម ប៉ែន ធារង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងមន្រ្តីជំនាញ និងក្រុមជំនាញការអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គសរុបចំនួន ១៧រូប។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានវាយតម្លៃពីសារសំខាន់នៃការសិក្សា បានពិភាក្សាស្វែងយល់ផុសផុល និងបានផ្តល់អនុសាសន៍សំខាន់ រួមមាន៖ ការវាយតម្លៃផលខាត និងផលចំណេញលើសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី ដែលត្រូវពិចារណាអំពី ផលប៉ះពាល់ឆ្លងដែន ពីប្រទេសខាងលើ មកប្រទេសខាងក្រោម និងការកសាងសេណារីយ៉ូដែលបង្ហាញពីដំណោះស្រាយផលប៉ះពាល់អវិជ្ជមានផ្នែកជលផល ដែលប៉ះពាល់ខ្លាំងជាងគេ តាមលទ្ធភាពដែលអាចធ្វើបាន តាមបែបវិទ្យាសាស្រ្តទំនើប។ អង្គប្រជុំបានស្នើសុំមានការបញ្ជូនលទ្ធផលសិក្សា មកក្រសួងជាផ្លូវការសម្រាប់ការពិចារណា៕