ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា គណ:កម្មការទន្លេមេគង្គ លើការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ក្នុងអាងទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗ សាកលវិទ្យាល័យ វិទ្យាស្ថានសិក្សាស្រាវជ្រាវ អគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងលេខាធិការដ្ឋាន តំណាងក្រុមការងារសិក្សារបស់ក្រុមប្រឹក្សា MRC។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. បង្ហាញជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យបានជ្រាបនូវលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សារួមមាន របាយការណ៍វាយតម្លៃផលប៉ះពាល់ជាបណ្តុំ និងវិស័យពាក់ព័ន្ធ ២. ទទួលបានមតិយោបល់ និងអនុសាសន៍ ជុំវិញលទ្ធផលនៃការវាយតម្លៃសេណារីយ៉ូនៃការអភិវឌ្ឍ ៣. ចំណាប់អារម្មណ៍លើភាពខ្វះខាតផ្នែកចំណេះដឹង សម្រាប់ការប្រើប្រាស់ទឹកនៅថ្នាក់ជាតិ និងលទ្ធផលសម្រាប់ការសិក្សាបន្ត និង ៤. របកគំហើញ សារៈសំខាន់ៗលើសេចក្តីសន្និដ្ឋានរួមអំពីលទ្ធផលនៃការសិក្សា៕