វៀងច័ន្ទ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី លទ្ធផលរបស់ក្រុមវាយតម្លៃ GIZ តំណាងប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងក្របខណ្ឌ MRC ទៅលើការត្រួតពិនិត្យឡើងវិញនៃកិច្ចដំណើរការប្រតិបត្តិរបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ នាយកប្រតិបត្តិ មន្ត្រីនាយកផែ្នក របស់លេខាធិការដ្ឋាន MRC និងក្រុមវាយតម្លៃ GIZ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់ពីលទ្ធផលនៃការពិនិត្យមើលឡើងវិញ និងពិភាក្សារួមទៅលើបញ្ហាគន្លឹះក្នុងកិច្ចដំណើរការប្រតិបត្តិ MRC ដោយផ្តោតទៅលើ (1). កម្រិតគោលនយោបាយ និងយុទ្ធសាស្ត្រ រួមមាន បទបញ្ជាផ្ទៃក្នុង ទំនាក់ទំនងអង្គការចាត់តាំង រវាងក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន តួនាទី និងភារកិច្ចរបស់នាយកប្រតិបត្តិ មុខងារ និងភារកិច្ចរបស់ក្រុមការងារអង្គភាពគាំទ្រ ដូចជា Task Force, Expert Group... និងតួនាទី និងភារកិច្ចរបស់ NMCs និង NMCS (2). កម្រិតស្ថាប័ន រួមមាន រចនាសម្ព័ន្ធរបស់ស្ថាប័ន ការរៀបចំចាត់ចែងបុគ្គលិក និងការរៀបចំផែនការ និងដំណើរការវាយតម្លៃ និង (3). កម្រិតដំណើរកាប្រតិបត្តិ រួមមាន ធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម និងប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងព័តមាន។
លទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមវាយតម្លៃ នឹងធ្វើការកែសម្រួលដោយបញ្ចូលនូវយោបល់ និងអនុសាសន៍ របស់អង្គប្រជុំ ហើយបញ្ជូនរបាយការណ៍នេះទៅរាយការណ៍ ជូនគណៈកម្មាធិការរួម និងក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ ចុងខែវិច្ឆិកា នេះ៕