Developed by Khmer Focus
ជួប និងពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា (ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត អនុ​រដ្ឋលេខា​ធិការ ក្រសួងធនធាន​ទឹក និង​ឧតុនិយម ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​ក្រសួង​ធនធន​ទឹក និង​ឧតុនិយម បានអនុញាតឱ្យមន្រ្តីជាន់ខ្ពស់របស់ធនាគារពិភពលោក លោក Takuya Kamata ទទួលបន្ទុកការងារអនុវត្តន៍លើវិស័យទឹកអន្តរជាតិ សម្រាប់ភូមិភាគអាស៊ី និងប៉ាស៊ីហ្វិក និងសហការី បានចូលជួប និងពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា និងតំបន់ លើការគ្រប់គ្រងវិស័យធនធានទឹក។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានរំលឹកជូនអង្គប្រជុំថា ក្នុងពេលកន្លងទៅ WB បានជួយក្រសួងធនធានទឹក និងឧតុនិយម លើការងារគ្រប់គ្រងវិស័យធនធានទឹក តាមរយៈគម្រោងជាច្រើន ដែលមកដល់ពេលបច្ចុប្បន្ននេះរួមមានគម្រោង៖

១- គម្រោងកសាងផែនការយុទ្ធសាស្រ្តរយៈពេលវែងលើវិស័យធនធានទឹក

២- គម្រោងផលិតទឹកសម្រាប់កសិកម្ម

៣- គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ក្នុងគ្របខណ្ឌអាងទន្លេមេគង្គ (Integrated Water Resources Management, IWRM) ដែលមាន CNMC អនុវត្តន៍ និងសហការណ៍ជាមួយនឹងប្រទេសជាសមាជិក ៣ទៀត របស់គណៈកម្មការទន្លេមេគង្គ

៤- គម្រោងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹកតាមព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ឯកឧត្តម បានជម្រាប់បន្ថែមអំពីដំណើរការ នៃការកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ របស់ក្រសួងធនធានទឹក ដែលនឹងបង្កើតឡើងក្នុងឆ្នាំ២០១៩នេះ ដែលមានសារៈសំខាន់ក្នុងការប្រមូល ចងក្រង ទុកដាក់ ចែកចាយបណ្តាទិន្នន័យទឹក និងប្រើប្រាស់ដល់គ្រប់វិស័យពាក់ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ផងដែរ។

លោក Kamata បានមានប្រសាសន៍ថា WB សូមធ្វើការកោតសរសើរ ចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានសហការល្អជាមួយនិងធានាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ ធ្វើការបង្កើតនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក ដែលមានសារៈសំខាន់ និងប្រយោជន៍ធំធេងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា សម្រាប់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។ លោក Kamata បានបន្តទៀតថា មជ្ឈមណ្ឌលនេះ ជាខឿនទិន្នន័យដ៏ល្អបំផុត សម្រាប់ការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹក និងបញ្ជាទឹក ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ដល់ពេលសមស្របបំផុតហើយ ដែល WB ត្រូវតែជួយក្រសួងធនធានទឹក និងឧតុនិយម លើមជ្ឈមណ្ឌលនេះ និងលើអនុវិស័យដ៏ទៃទៀតជាច្រើន ក្នុងវិស័យធនធានទឹកទាំងមូល។

ឯកឧត្តមបានស្នើឱ្យ WB ធ្វើការបញ្ជូនក្រុមបេសកកម្មមួយទៀត ឱ្យបានឆាប់មុនពាក់កណ្តាលខែមិថុនាឆ្នាំនេះ ដើម្បីធ្វើការវាយតម្លៃបញ្ចប់លើផ្នែកដែល WB ត្រូវជួយដល់មជ្ឈមណ្ឌលខាងលើ។

លោក Kamata បានឯកភាព និងយល់ព្រមតាមសំណើ ហើយលោកបានបញ្ជាក់ច្បាស់ទៀតថា WB មិនត្រឹមធ្វើការវាយតម្លៃលើតម្រូវការសម្រាប់តែមជ្ឈមណ្ឌលតែមួយនោះទេ តែ WB ក៏ត្រូវចាប់ផ្តើមឱ្យ បានធ្វើការសិក្សាលើតម្រូវការទាំងអស់ នៃអនុវិស័យនានា ក្នុងវិស័យធនធានទឹកទាំងមូល។

កិច្ចប្រជុំខាងលើរវាងក្រសួងធនធានទឹក និងឧតុនិយម និង WB បានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាល រីករាយ និងសហប្រតិបត្តិការល្អ៕