ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោកស្រីបណ្ឌិត ម៉ក់ សូលាង ប្រធានដៃគូទឹកកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោង ៥Ps ជាមួយភាគីកូរ៉េ ដែលដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និង Dr. Yongdeok Cho អគ្គលេខាធិការ AWC ដោយមានការចូលរួមពីមន្ត្រីភាគីកូរ៉េពី K- Water មន្ត្រីពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានដៃគូទឹកកម្ពុជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី និងមន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សា លម្អិតបន្ថែមលើគម្រោង 4Ps (ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេរ) ដែលស្ថិតក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលកម្ពុជាយើង បានស្នើសុំថវិការពីភាគីកូរ៉េ ធ្វើការអនុវត្តគម្រោងនេះ និងពិភាក្សាពីការចុះធ្វើការសិក្សាដំបូងលើគម្រោងព្រែកទាំង៤នេះ របស់ ក្រុមការងារភាគីកូរ៉េ។
លទ្ធផលកិច្ចប្រជុំ៖ (១) អង្គប្រជុំបានជ្រាបអំពីគោលបំណង និងទិដ្ឋភាពទូទៅនៃគម្រោងតាមរយៈបទបង្ហាញ របស់ជំនាញការកូរ៉េ និងភាគីកម្ពុជា (២) កម្ពុជាបានស្នើសុំបញ្ចូលព្រែកឆ្លូងមួយទៀត ទៅក្នុង គម្រោងនេះ ភាគីកូរ៉េបានឯកភាពតាមការស្នើសុំ ដូចនេះគម្រោង 4Ps ក្លាយទៅជាគម្រោង 5Ps វិញ និង(៣) ភាគីកូរ៉េបានឯកភាពចុះធ្វើការសិក្សាដំបូងលើព្រែកទាំង៥ នៅសប្តាហ៍ក្រោយ៕