វៀងច័ន្ទ៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងជាមន្ត្រីសម្របសម្រួលថ្នាក់ជាតិ ផ្នែកគាំទ្របច្ចេកទេស និងលោក មាក ឆវណ្ណារិយ អនុប្រធាននាយកដ្ឋាន និងជាជំនួយការ បានចូលរួមកិច្ចប្រជុំសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស ដោយមានការចូលរួមពីមន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. ពិនិត្យលើវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ២. ពិភាក្សាអំពីវិធានការអនុវត្តន៍ ដើម្បីឈានដល់ការផ្ដល់ជូន ដែលរំពឹងទុកក្នុងអំឡុងខែកក្កដា-ធ្នូ ឆ្នាំ២០១៩ គូរលើមេរៀនពីអតីតកាល ៣. មានការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការងារសម្របសម្រួល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល និង ៤. ឱ្យមានការយល់ដឹងរួម ល់មុខងារ និងតួនាទីសំខាន់ៗ របស់មន្ត្រីសម្របសម្រួលថ្នាក់ជាតិ ក្នុងការគាំទ្រការងារបច្ចេកទេសនៅថ្នាក់ជាតិ។
លទ្ធផលនៃកិច្ចប្រជុំ៖
- អង្គប្រជុំបានពិនិត្យ និងផ្ដល់យោបល់លើវឌ្ឍនភាពការងារ និងសេចក្ដីព្រាងឯកសារទស្សនទាន ដើម្បីធ្វើឱ្យប្រសើរឡើង នូវការងារពិនិត្យតាមដានទន្លេ ការគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យ ម៉ូដែល ប្រព័ន្ធព័ត៌មាន ការអនុវត្តនីតិវិធីពិនិត្យតាមដានការប្រើប្រាស់ទឹក មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ការងារសិក្សាស្រាវជ្រាវ ការពិនិត្យលើការងារ និងថវិកា សម្រាប់ឆមាសទី២
- បានលើកយកចំណុចយូត្ធសាស្ត្រ សម្រាប់ការកសាងសមត្ថភាពស្ថាប័ន និងមន្ត្រីអនុវត្តការងារ ពង្រឹងការចូលរួមរបស់អ្នកពាក់ព័ន្ធមេគង្គ ការប្រមូលផ្ដុំមូលដ្ឋានទិន្នន័យ និងចំណេះដឹង ការផ្ដល់ទិន្នន័យ និងព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់អ្នកពាក់ព័ន្ធ និងអ្នកធ្វើសេចក្ដីសម្រេចចិត្ត បន្តផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម ឱ្យចគោលដៅ និងមានគុណភាព និង
- លេខាធិការដ្ឋាន ត្រូវបានលើកទឹកចិត្តឱ្យពន្លឿនលើការអនុវត្តការងារដែលយឺតយ៉ាវ និងការងារដែលពុំទាន់បានអនុវត្ត នាពេលកន្លងមក៕