Developed by Khmer Focus
កិច្ចប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩)

ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធានគណៈ​កម្មាធិការ​​ជាតិទន្លេមេគង្គកម្ពុជា ដោយមានសមាភាពចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដែល​ជា​អនុ​ប្រធាន​ អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីជំនាញមកពីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

នៅក្នុងមតិបើកកិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម លោកជំទាវ ដែលជា រដ្ឋលេខាធិការ អគ្គលេខាធិការ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលត្រូវបានតែងតាំងជា អនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ សមាជិក សមាជិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៩២១ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការតែងតាំងសមាសភាព គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំបានជម្រាបជូននូវរបៀបវារ:ចំនួន ៤សំខាន់ៗរួមមាន៖ (១) របាយការណ៍សង្ខេបស្តីពី សកម្មភាពការងារ និងសមិទ្ធផលសំខាន់ៗ របស់ គជទមក ក្នុងឆ្នាំ២០១៨-២០១៩ និងទិសដៅបន្ត (២) អំពីដំណើរការ និងលទ្ធផល នៃកិច្ចប្រជុំកំពូលលើកទី៣ របស់ MRC នៅខេត្តសៀមរាប ០៣-០៥ ខែមេសា ឆ្នាំ២០១៨ (៣) អំពីកិច្ចព្រមព្រៀងមេគង្គ១៩៩៥ ការអនុវត្តនីតិវីធីស្តីពី ការប្រើប្រាស់ទឹក និងស្ថានភាពទំនប់គម្រោងវារីអគ្គិសនី ក្នុងអាងទន្លេមេគង្គ និង (៤)​ ស្ថានភាពអាងទន្លេ និងទិសដៅការងារសំខាន់ៗ របស់គណៈកម្មការទន្លេមេគង្គ​៕