Developed by Khmer Focus
ទទួលជួបប្រជុំ ពិភាក្សាការងារជាមួយតំណាងស្ថានទូតអូស្រ្តាលី (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុ​ប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​សហការី បាន​ទទួល​ជួប​ប្រជុំ ពិភាក្សា​ការ​ងារ ជា​មួយ​តំណាង​ស្ថាន​ទូត​អូស្រ្តាលី ដែល​មាន​លោក David Bloch, First Secretary, Australian Embassy in Phnom Penh, Cambodia និង​លោក​ស្រី Susannah Patton, Senior Analyst, Southeast Asia Branch, Office of National Assessment, Australian Government ដើម្បី​ស្វែង​យល់​អំពី​កិច្ចការ​មេគង្គ​ជា​រួម និង​សហប្រតិបត្តិការ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទាក់ទងជាមួយនឹងប្រទេសជាសមាជិកក្នុងតំបន់មេគង្គ និងទាក់ទងនឹងបណ្តាក្រសួង ស្ថាប័នជាតិនៅក្នុងប្រទេសកម្ពុជា និងកិច្ចការទាំងឡាយដែលបាននិងកំពុងអនុវត្តន៍។

ឯកឧត្តម ក៏បានជម្រាបជូនផងដែរអំពី គោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗ នៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់តំបន់។ ក្នុងនោះដែរ ឯកឧត្តម បានជម្រាបជូនថា គណៈកម្មការទន្លេមេគង្គ (MRC) ក៏ដូចជា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) មានការសហការល្អ ជាមួយបណ្តាយន្តការមេគង្គផ្សេងៗទៀត ហើយកន្លងមកថ្មីៗនេះ យើងបានជួបប្រជុំ ជាមួយបណ្តាយន្តការទាំងនោះ ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាយន្តការទាំងអស់ ជួយបំពេញការងារឱ្យគ្នាទៅវិញទៅមក តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន និងការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) ជាដើម ហើយក៏បានជម្រាបជូនដោយសង្ខេបអំពីយន្តការសហប្រតិបត្តិការ Mekong-Langcang, Mekong-Japan និង LMI។

ទាក់ទងនឹងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនី សាយ៉ាបូរី និង ដន សាហុង ឯកឧត្តម បានមានប្រសាសន៍ថា  នៅក្នុងទម្រង់នៃការឆ្លើយតបរបស់កម្ពុជា នៅក្នុងការពិគ្រោះយោបល់ជាមុននៃគម្រោងនេះ គឺកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពី សក្តានុពលនៃផលប៉ះពាល់របស់គម្រោងនេះ។ សម្រាប់គម្រោងទាំងអស់នៅក្នុងអាងទន្លេមេគង្គ ត្រូវបានចែកជាចំណាត់ថ្នាក់ខុសៗគ្នា តាមលក្ខខណ្ឌទីតាំង និងរដូវកាល ដើម្បីអនុវត្តន៍តាមនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA)។ ឆ្លងកាត់បទពិសោធន៍នៃការពិគ្រោះយោបល់ លើបណ្តាគម្រោងដែលភាគីឡាវបានដាក់ស្នើ រហូតមកដល់បច្ចុប្បន្ន យើងបានទទួលនូវបទពិសោធន៍ជាមេរៀន រហូតមកដល់ការពិគ្រោះយោបល់លើសំណើគម្រោងទំនប់វារីអគ្គិសនី ប៉ាក់បេង និងប៉ាក់ឡាយ គឺយើងបានឯកភាពគ្នារៀបចំជាកម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នា និងសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពរួមគ្នា ក្នុងចំណោមប្រទេសជាសមាជិក ដើម្បីអនុវត្តន៍លើគម្រោងទាំងនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីគុណសម្បត្តិរបស់ប្រទេសអូស្រ្តាលី និងប្រទេសជប៉ុន ដែលបានជួយឧបត្ថមគាំទ្រដ៏ច្រើន ដល់គណៈកម្មការទន្លេមេគង្គ (MRC) ពិសេសដល់កម្ពុជា ហើយក៏បានលើកជាអនុសាសន៍ថា អូស្រ្តាលីគួរបន្តជួយកម្ពុជា និងគណៈកម្មការទន្លេមេគង្គ លើការអនុវត្ត គោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនីរន្តរភាព គោលការណ៍ណែនាំបឋមស្តីពី ការធ្វើគ្រោងប្លង់ទំនប់វារីអគ្គិសនី និងការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន៕