Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកែសម្រួលបញ្ជីសូចនាករ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការអន្តរជាតិ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកែសម្រួល​បញ្ជីសូចនាករ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ២០១៦-២០៣០ ដែលរៀបចំដោយក្រសួងផែនការ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងមានមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ និងកែសម្រួលសូចនាករមួយចំនួនពាក់ព័ន្ធ ដែលបានស្នើឡើងដោយក្រសួងពាក់ព័ន្ធកន្លងមក ដែលនឹងអាចស្នើដក ឬបន្ថែមសូចនាករឡើងវិញ។ អង្គប្រជុំបានពិភាក្សាទៅលើគោលដៅ ១៨ចំណុចដៅ ៨៨​ និងសូចនាករ ១៤៨។ លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងធនធានទឹក និងឧតុនិយម បានឯកភាព និងបានលើកសំណើរួមគ្នា សុំឱ្យអង្គប្រជុំពិនិត្យ និងទទួលយកសម្រាប់គោលដៅ ៦ចំណុចដៅ ៦.៥ គឺសូចនាករពីរគឺ៖ ៦.៥.១ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលទទួលបន្ទុកដោយក្រសួងធនធានទឹក និងឧតុនិយម និងសូចនាករ ៦.៥.២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទឹក និងអាងទន្លេឆ្លងដែន ដែលទទួល បន្ទុកដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯការកំណត់និយមន័យ និងប្រភេទទិន្នន័យជាធាតុចូល នឹងត្រូវបញ្ជូនទៅក្រសួងផែនការ នៅពេលក្រោយ៕