Developed by Khmer Focus
កិច្ចប្រជុំសមាជិកប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ PNPCA JCWG របស់កម្ពុជា បានចូលរួម និងធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍវារីអគ្គិសនីក្នុងអាងទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំសមាជិកប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា។ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក នង ស៊ីវុត្ថាន ប្រធានអង្គការ ហេក្ស ប្រចាំកម្ពុជា និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងការចូលរួមពីស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងនៃរាជរដ្ឋាភិបាលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីចែករំលែកព័ត៌មានដល់អង្គការសមាជិក និងពិភាក្សារកដំណោះស្រាយលើបញ្ហាផ្សេងៗ ដែលកើតមានឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២០ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពឆ្នាំ២០១៦-២០២០។ កិច្ចប្រជុំបានស្តាប់ ស្វែងយល់ និងចោទសំណួរ និងឆ្លើយ លើប្រធានបទដូចតទៅ៖

- បច្ចុប្បន្នភាពស្តីពី របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ក្នុងត្រីមាសកន្លងមក និងផែនការសកម្មភាពចម្បងៗ ក្នុងអំឡុងពេលកូវីដ១៩ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

- បច្ចុប្បន្នភាពស្តីពី ការអនុវត្តគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពឆ្នាំ២០១៦-២០២០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣

- បច្ចុប្បន្នភាពស្តីពី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

- បច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍន៍វារីអគ្គិសនី ក្នុងអាងទន្លេមេគង្គ

- បច្ចុប្បន្នភាពស្តីពី ការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជា និង

- បច្ចុប្បន្នភាពស្តីពី ការចូលរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ NDCs៕