Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់លើកទី១ របស់ក្រុមការងារ PNPCA JCWG (ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ PNPCA JCWG របស់​កម្ពុជា ដែល​មាន​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រុមការងារ PNPCA នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអ្នកជំនាញការថ្នាក់ជាតិ បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១ របស់ក្រុមការងារ PNPCA JCWG តាមរយៈ VDO Conference។ កិច្ចប្រជុំនេះ បានដំណើរការក្រោមការដឹកនាំដោយលោកបណ្ឌិត Somkiat Prajamvong អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គថៃ និងជាប្រធាន MRC-JC សម្រាប់ឆ្នាំ២០២០ និងដោយមានការចូលរួមពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) ទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្រ្តីជំនាញនៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងរួមនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដែលតម្រូវឱ្យមានការយល់ដឹង និងឯកភាពរួម ដើម្បីធានានូវការអនុវត្តប្រកបដោយជោគជ័យ នូវដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) របស់សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យឡាវ។ រីឯគោលបំណាងជាក់លាក់នៃកិច្ចប្រជុំគឺ៖

១. យល់ដឹងអំពីទិដ្ឋភាពទូទៅនៃសំណើគម្រោង SNHPP

២. ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃវិសាលភាព និងកិច្ចការបន្តសម្រាប់ការរៀបចំរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ (TRR) (សំណើសម្រាប់ការរៀបចំរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើសំណើគម្រោង SNHPP ស្របតាមនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង “PNPCA”)

៣. សិក្សា ពិនិត្យឡើងវិញ និងផ្តល់នូវការណែនាំអំពី អភិក្រមប្រតិបត្តិការដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP បទពិសោធន៍ជាមេរៀន អភិក្រមប្រតិបត្តិការ ផែនទីវិថីសម្រាប់ដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP ដែលបានស្នើឡើង ការត្រៀមរៀបចំ និងធនធានដែលចាំបាច់

៤. ពិភាក្សា និងឯកភាពអំពីការចូលរួមនៃអ្នកពាក់ព័ន្ធ និងការប្រាស្រ័យទាក់ទង នៅក្នុងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោង SNHPP (វាទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់ និងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ)

៥. ពិភាក្សាអំពីការរៀបចំ និងមាតិកាសម្រាប់វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១ និង

៦. ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី២ របស់ក្រុមការងារ PNPCA JCWG និងលទ្ធភាពនៃការធ្វើទស្សនកិច្ចសិក្សា ទីតាំងសំណើគម្រោង SNHPP (ដែលនឹងត្រូវសម្របសម្រួលដោយគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ “LNMC” និងអ្នកអភិវឌ្ឍន៍គម្រោង)៕