ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការធ្វើផែនការថវិកា ការអនុវត្ត និងការត្រួតពិនិត្យ តាមដានការចំណាយថវិកាគម្រោង ដោយផ្អែកតាមសៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់មន្ត្រីអនុវត្តន៍ផ្នែកហិរញ្ញវត្ថុ នៅថ្នាក់កណ្តាល និងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគទី២។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានបទបង្ហាញណែនាំពីមន្ត្រីជំនាញការហិរញ្ញវត្ថុគម្រោង និងចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារហិរញ្ញវត្ថុពីលោក ខៀវ សុភា មន្រ្តីហិរញ្ញវត្ថុ នៃធនាគារពិភពលោក អំពីការគ្រប់គ្រងចំណាយថវិកាគម្រោង៕