Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ឧបករណ៍កសាងផែនការ ផ្អែកលើចក្ខុវិស័យរួមលើអនឡាញ (ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ រួមមានឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងមន្រ្តី​ថ្នាក់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងធនធានទឹក និងឧតុនិយយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ តាមរយៈ Video Conference ស្តីពី ឧបករណ៍កសាងផែនការ ផ្អែកលើចក្ខុវិស័យរួមលើអនឡាញ  (Online Shared Vision Planning Tool) ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក MRC ឡាវ ថៃ វៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ តំណាងសាកលវិទ្យាល័យអារីស្តូន សហរដ្ឋអាមេរិក និងតំណាង USACE។ កិច្ចប្រជុំបានដំណើរការដោយបានស្តាប់បទបង្ហាញ អំពីឧបករណ៍កសាងផែនការចក្ខុវិស័យរួម ដែលបាននិងកំពុងរៀបចំ មានវិសាលភាពការងារ និងមានមុខងារសំខាន់ ដែលបានអនុវត្តន៍ចំពោះការសិក្សារបស់ក្រុមប្រឹក្សា (Council Study)។ ក្រុមការងាររបស់ប្រទេសបានផ្តល់មតិយោបល់ជារួម ការគាំទ្រចំពោះឧបករណ៍ ពិតជាមានសារៈសំខាន់ ដែលជួយដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ ២០២១-២០៣០ ក្នុងកម្រិតតំបន់ និងប្រទេស និងបានស្នើសុំពិចារណាលើការពង្រឹងសមត្ថភាពមន្រ្តីរបស់ប្រទេស ក្នុងការយល់កាន់តែច្បាស់ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ហើយមតិយោបល់លម្អិតសម្រាប់សំណួរមួយចំនួនពាក់ព័ន្ធនឹងសេណារីយ៉ូអភិវឌ្ឍន៍ សូចនាករ បរិស្ថាន សង្គម និងសេដ្ឋកិច្ច នឹងផ្តល់ក្រោយពីកិច្ចប្រជុំ៕