Developed by Khmer Focus
វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១០ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០)

សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ បាន​ដំណើរ​ការ​វេទិកា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី១០ របស់​គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​ប្រជុំពិភាក្សា និង​ចែករំលែក​ព័ត៌មាន​ថ្នាក់តំបន់​លើកទី១ ស្តីពី សំណើគម្រោង​វារីអគ្គិសនី សាណាខាំ (SNHPP) របស់ឡាវ ក្រោមអធិបតីភាពលោកជំទាវ Bounkham Vorachit អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ អនុប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ និងជាសមាជិកបម្រុងក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ របស់ឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃ MRCS និងមានសមាជិកចូលរួមសរុបប្រមាណពី ១០០-១៥០រូប ដែលក្នុងនោះមានអ្នកពាក់ព័ន្ធផ្ទៃក្នុងរួមមាន ប្រតិភូបច្ចេកទេសអញ្ជើញមកពីប្រទេសជាសមាជិកទាំងបួន មន្រ្តី MRCS បណ្តាទីប្រឹក្សាឯកទេសអន្តរជាតិ និងតំណាងអ្នកអភិវឌ្ឍន៍គម្រោង និងអ្នកពាក់ព័ន្ធខាងក្រៅរួមមានដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន គ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានសិក្សាស្រាវជ្រាវ បណ្តាញសារព័ត៌មាន។ល។ វេទិកាថ្នាក់តំបន់នេះ ដំណើរការតាមរយៈ VDO Conferencing ដែលមានមជ្ឈមណ្ឌល (Meeting Hubs) ចំនួន ០៤កន្លែងគឺ នៅក្រុងសៀមរាប សម្រាប់កម្ពុជា នៅក្រុងប៉ាកសេ សម្រាប់ឡាវ និង MRCS នៅបាងកក សម្រាប់ថៃ និងនៅហាណូយ សម្រាប់វៀតណាម។

ដោយឡែកនៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្របសម្រួលដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ សម្រាប់អនុវត្តន៍នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA JCWG) របស់កម្ពុជា និងមានការចូលរួមដោយសមាជិកមានតំណាងក្រសួង ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗ តំណាងសហគមន៍មូលដ្ឋាន តំណាងគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងបណ្តាអ្នកចាប់អារម្មណ៍ផ្សេងៗទៀត ដែលបានចូលរួម អនឡាញ (Online)។

គោលបំណងនៃវេទិកាគឺ៖

១. ចែករំលែកព័ត៌មានស្តីពី សំណើគម្រោងវារីអគ្គិសនី សាណាខាំ

២. ប្រមូលមតិយោបល់ ក្តីកង្វល់ និងអនុសាសន៍នានា សម្រាប់ជាមូលដ្ឋានដល់ការរៀបចំរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើឯកសារ និងសំណើគម្រោងវារីអគ្គិសនី សាណាខាំ (Technical Review Report “TRR”) និង

៣. ផ្តល់វេទិកា និងកាលានុវត្ថភាព ដល់បណ្តាអ្នកពាក់ព័ន្ធនានា ក្នុងការផ្លាស់ប្តូរទស្សនៈ និងអនុសាសន៍នានា ដើម្បីបន្ថយជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ឆ្លងដែន ដែលអាចកើតមាន សម្រាប់ការប្រើប្រាស់ប្រកបដោយភាពសមហេតុ សមផល និងសមធម៌ នូវធនធានទឹក និងធនធានពាក់ព័ន្ធ ក្នុងអាទន្លេមេគង្គ៕