Developed by Khmer Focus
កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធាន​គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុម​ប្រឹក្សា គណៈកម្មការទន្លេមេគង្គ MRC តំណាង​កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់ ការអនុវត្តនីតិវិធីស្តីពី ការគ្រប់គ្រងការប្រើប្រាស់ទឹក ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ផ្សេងទៀត។ កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន ផែនការមេផ្នែកនាវាចរណ៍ ផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារ សម្រាប់ប៉ុស្តនាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់អណត្តិ ០៣ឆ្នាំបន្ត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រឹក្សាពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្តន៍ ដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឱ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧នេះ គឺបានដឹកនាំដោយឯកឧត្តម Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២០៕